ដោយៈសុខុម
ប៉េកាំងៈ ក្រុមហ៊ុនចិន Sinopec បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Venture Global LNG ដើម្បីទិញឧស្ម័នធម្មជាតិរាវ (LNG) ៤លានតោនក្នុង១ឆ្នាំសម្រាប់រយៈពេល២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃទី៤ វិច្ឆិកា នេះ។
ក្រុមហ៊ុន Venture Global LNG បានចេញសេចក្តីថ្លែងការណ៍ថា នេះគឺជាកិច្ចព្រមព្រៀងទិញឧស្ម័ន LNG រយៈពេលវែងដ៏ធំបំផុត ដែលត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិក។
លោក Mike Sabel នាយកប្រតិបត្តិក្រុមហ៊ុន Venture Global LNG បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា នេះថា “កិច្ចព្រមព្រៀងលក់នេះ គឺជាប្រវត្តិសាស្ត្រ ហើយវាក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទំហំរាប់សិបពាន់លានដុល្លារ សម្រាប់រយៈពេលនៃកិច្ចព្រមព្រៀងនេះ”។
នាយកប្រតិបត្តិរូបនេះគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបង្កើនការនាំចូលឧស្ម័ន LNG របស់ប្រទេសចិន រហូតដល់ទៅទ្វេដង។
ទិន្នន័យគយរបស់ប្រទេសចិនបង្ហាញថា ប្រទេសចិនបាននាំចូលឧស្ម័ន LNG ចំនួន៦,៣២លានតោនពីសហរដ្ឋអាមេរិក ក្នុងរយៈពេល៩ខែមកនេះ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃនៃកិច្ចព្រមព្រៀង ឬពេលវេលាជាក់លាក់ សម្រាប់ការចាប់ផ្ដើមការផ្គត់ផ្គង់នោះទេ។ ទន្ទឹមនេះក្រុមអ្នកវិភាគរំពឹងថា រោងចក្រនៅសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ឧស្ម័នLNG ដល់ក្រុមហ៊ុនចិន Sinopec នឹងចាប់ផ្ដើមផលិតកម្មនៅឆ្នាំ២០២៤៕ Reuters៕