ដោយ ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កម្ពុជានៅបន្តអនុម័តគម្រោងវិនិយោគពីវិនិយោគិននានាដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្ដី។ ជាក់ស្ដែង នៅក្នុងខែតុលា២០២១កន្លងទៅនេះ តាមការបូកសរុបរបស់គេហទំព័រ Property Area ក្នុងរយៈពេល១ខែក្នុងខែតុលា២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១២គម្រោងគិតជាទឹកប្រាក់ចំនួន១១២លានដុល្លរអាមេរិក។
គម្រោងទាំង១២ដែលប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ខែតុលា២០២១នេះរួមមាន៖
១- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៦៨កន្លែង។
២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៥៩កន្លែង។
៣- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៥កន្លែង។
៤- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២១៩កន្លែង។
៥- គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ១,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១៥០កន្លែង។
៦- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង ។
៧- គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧៨០កន្លែង។
៨. គម្រោងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៣៤កន្លែង។
៩. គម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសដាក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ របស់ក្រុមហ៊ុន YIYA PACKAGING (KAMPUCHEA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៦ កន្លែង។
១០. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៣១៤កន្លែង ។
១១. គម្រោងបង្កើតរោងចក្រផលិតតង់ និងសម្ភារៈបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារៈផ្សេងទៀត) មានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧២៨កន្លែង។
១២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៩៤៤កន្លែង ។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តចេញវិញ្ញាបនបត្រឱ្យចុះបញ្ជីវិនិយោគក្នុងខែតុលានេះ ភាគច្រើនគឺជាគម្រោងរោងចក្រ ឧស្សាហកម្ម ដែលសបញ្ជាក់ថាវិស័យឧស្សាហកម្មរោងចក្រនេះបាននិងកំពុងទាក់ទាញការវិនិយោគខ្លាំងពីក្នុងនិងក្រៅប្រទេស៕