កម្ពុជាបង្ហាញសក្ដានុពលទំនិញនិងឱកាសវិនិយោគជាមួយប្រទេសជាង១៤០ក្នុងពិព័រមួយនៅប្រទេសចិន

0

ដោយ៖ លក្ខិណា

ភ្នំពេញ ៖កម្ពុជាបានចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ ធ្វើឡើងនៅទីក្រុងសៀងហៃប្រទេសចិន កាលពីល្ងាចថ្ងៃទី០៤វិច្ឆិកា២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានការចូលរួមពីប្រទេសចំនួនជាង១៤០នៅក្នុងតំបន់និងពិភពលោក ។

លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងមតិស្វាគមន៍ប្រទេសចូលរួមទាំងអស់ និងអំពាវនាវឱ្យបណ្តាប្រទេសជុំវិញពិភពលោកដើរឱ្យទាន់និន្នាការទូទៅនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងគាំទ្រក្នុងការបើកចំហ ហើយប្រឆាំងឯកតោភាគីនិយម លទ្ធិគាំពារនិយម និងជំរុញមនុស្សជាតិឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។

លោកមានប្រសាសន៍ទៀតថា “ឆ្នាំនេះគឺជាខួបលើកទី២០នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសចិន ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តការសន្យានៃការចូលជាសមាជិក WTO របស់ខ្លួនយ៉ាងពេញលេញ ដោយកម្រិតពន្ធគយជារួមរបស់ប្រទេសចិនបានធ្លាក់ចុះពី ១៥.៣% មក ៧.៤% ដែលទាបជាង ៩.៨% នៃការសន្យាចូលជាសមាជិករបស់ WTO នាគ្រាដំបូង។”

លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា “នេះគឺជាលើកទី៤ ដែលប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនកម្រិតពិភពលោកមួយនេះ។ ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិមួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និងបានសម្របសម្រួលឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និងផលិតផលនៅប្រទេសចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។”

លោកបន្តថា ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនាបថខ្មែរសម័យទំនើបតាមទម្រង់ 3D ដោយមានដាក់តាំងបង្ហាញផលិតផលសក្តានុពល រូបភាពស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវីដេអូផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ ។

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បានរៀបចំសាងសង់ពន្លាជាតិចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលនិងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងពាណិជ្ជកម្ម លើវិស័យសេវាកម្មជាច្រើនពាន់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here