សកម្មភាពរបស់វិនិយោគិននៅកម្ពុជាចាប់ផ្ដើមកម្រើកឡើងវិញក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេស

0

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញចាប់តាំងពីដើមខែវិច្ឆិកា២០២១នេះ សកម្មភាពរបស់វិនិយោគិននៅក្នុងប្រទេសទាំងវិនិយោគិនជាតិនិងអន្តរជាតិចាប់ផ្ដើមកម្រើកឡើងវិញជាមួយនឹងក្ដីរំពឹងខ្ពស់ពីកំណើនអាជីវកម្មនិងធុរកិច្ចរបស់ខ្លួន ។

ជាការកត់សម្គាល់ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញ ឃើញថាសកម្មភាពរបស់វិនិយោគិននៅក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញ ដោយក្រុមហ៊ុនមួយចំនួនក៏ចាប់ផ្ដើមធ្វើកម្មវិធីផ្សព្វផ្សាយពីគម្រោង និងផែនការអាជីវកម្មរបស់ខ្លួនបណ្ដើរៗ។ ទន្ទឹមនឹងនោះម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសក៏កំពុងសាទរនិងមមាញឹកក្នុងការបើកអាជីវកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីអាក់ខានអស់រយៈពេលជាង១ឆ្នាំកន្លងមក ពោលគឺបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ២០២១ ។

លោកឌឹត ចណ្ណា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា ការបើកប្រទេសរបស់រដ្ឋាភិបាលគឺជាល្អខ្លាំងណាស់ និងអាចជួយដល់ម្ចាស់អាជីវកម្មវិនិយោគិន ក៏ដូចជាធុរជននានាក្នុងការបញ្ចេញសកម្មភាពរបស់ខ្លួនឡើងវិញបន្ទាប់ផ្អាកអស់រយៈពេលជាយូរមកហើយនោះ ។ លោកថា “វិនិយោគិនក្នុងប្រទេសកម្ពុជាទាំងជាតិនិងអន្តរជាតិបានបញ្ចេញសកម្មភាពបណ្ដើរៗហើយបន្ទាប់ពីមានការប្រកាស ប៉ុន្តែសម្រាប់វិនិយោគិនអន្តរជាតិនៅក្រៅប្រទេស អាចនឹងមករកឱកាសវិនិយោគនៅពេលបន្តបន្ទាប់ទៀត”។

លោកបន្តថា វិនិយោគិនទន្ទឹងរង់ចាំនូវឱកាសបែបនេះយូរមកហើយ ដូច្នេះនៅពេលរដ្ឋាភិបាលប្រកាសបើកភ្លាម ពួកគាត់ដែលនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បញ្ចេញសកម្មភាពភ្លាមៗផងដែរ ។ សម្រាប់វិស័យអចលនទ្រព្យ លោកឃើញថាវានឹងអាចមានសន្ទុះងើបឡើងខ្លាំងនៅឆ្នាំ២០២២ខាងមុខ ដោយវិនិយោគិនបរទេសអាចចូលមកជាបន្តបន្ទាប់ ខណៈឆ្នាំ២០២១នេះ នៅមិនទាន់មកបាននោះទេ ដោយសារតែលក្ខខណ្ឌរបស់ប្រទេសរបស់គេ ។

លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានឱ្យដឹងថា ការបើកប្រទេសឡើងវិញនឹងជួយជំរុញឱ្យសកម្មភាពអាជីវកម្មក្នុងវិស័យនេះ ងើបឡើងវិញហើយវាពិតជាល្អខ្លាំងណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញដើម្បីជួយវិស័យដឹកជញ្ជូនក៏ដូចជាវិស័យជាច្រើនទៀតនៅក្នុងប្រទេស ជួយជំរុញដល់កំណើនសេដ្ឋកិច្ច ចំណូលពលរដ្ឋឡើងវិញផងដែរ ។

ក្រៅពីនេះគេឃើញថាសកម្មភាពអាជីវកម្មពេលរាត្រី ពេលថ្ងៃសុទ្ធតែមានភាពមមាញឹកឡើងវិញ ជាក់ស្ដែងចរាចរណ៍ក៏ចាប់ផ្ដើមស្ទះនៅតាមតំបន់ដែលមានសកម្មភាពសកម្មភាពខ្លាំង ដែលអាចបញ្ជាក់ថាសកម្មភាពសេដ្ឋកិច្ចកាន់តែបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here