សម្ដេចតេជោ៖ សម័យកាលពីរដែលដីមានតម្លៃខ្ពស់នៅកម្ពុជា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្ដីការថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីព្រឹកថ្ងៃទី៨វិច្ឆិកា២០២១ឱ្យដឹងថាសម័យកាលពីរដែលធ្វើឱ្យតម្លៃដីធ្លីឡើងខ្ពស់គឺសម័យកាលសង្គមរាស្ត្រនិយមក្រោមការដឹកនាំដោយអតីតព្រះមហាក្សត្រកម្ពុជា ព្រះនរោត្តមសីហនុ និងសម័យកាលបច្ចុច្បន្ននេះ ។

សម្ដេចមានប្រសាសន៍បន្តថា សម័យកាលទាំងពីរនេះជាសម័យដែលមានការរីកចម្រើននិងមានអភិវឌ្ឍន៍ខ្លាំង ដូច្នេះហើយទើបតម្លៃដីធ្លីនៅកម្ពុជាមានសន្ទុះងើបឡើងខ្លាំង ។ ទន្ទឹមនឹងនោះដែរក៏មានសម័យកាលមួយដែលធ្វើឱ្យដីបាត់បង់តម្លៃផងដែរ ។សម្ដេចថ្លែងថា “ដីឡើងថ្លៃដំណាក់កាលទីមួយ គឺដំណាក់កាលសម័យសង្គមរាស្ត្រនិយម ដោយសារតែពេលនោះមានការអភិវឌ្ឍ ដូច្នេះហើយអ្នកនៅតាមដងទន្លេ មន្ត្រីរាជការនៅភ្នំពេញ បានស្នើសុំដីពីថ្នាក់ដឹកនាំប្រទេស ប៉ុណ្ណេះ ប៉ុណ្ណេះ”។

សម្ដេចមានប្រសាសន៍បន្ថែម នៅពេលដីឡើងថ្លៃ សម័យនោះមានមន្ត្រីខិលខូចមួយចំនួនចាប់យកដីរដ្ឋធ្វើជារបស់ខ្លួនដោយសម័យនោះពេញនិយមខ្លាំងលើចំការកៅស៊ូ ដោយមើលឃើញថាដីចំការកៅស៊ូមួយចំនួនគឺជារបស់មន្ត្រីធំៗជំនិតៗរបស់ថ្នាក់ដឹកនាំ។

សម្ដេចបន្ថែមទៀតថា ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បរិស្ថានហើយ ជាក់ស្ដែងប្រវត្តិខេត្តព្រៃវែង ពីមុនដោយសារតែវាមានព្រែវែងមែន ប៉ុន្តែពេលនេះអស់ព្រៃទៅជាវាលវែង ។ កត្តានេះគឺបណ្ដាលមកមនុស្សចេះតែកើនឡើងនិងមានតម្រូវការដីធ្លី និងធ្វើឱ្យតម្លៃដីកាន់តែកើនឡើងផងដែរ ។ប៉ុន្តែដីត្រូវបាត់បង់តម្លៃ របស់វានៅពេលដែលមានសង្គ្រាមកើតឡើង ដោយមនុស្សត្រូវរត់ចោលដីធ្លី ពីព្រោះតែគ្រាប់បែក ។
សម្ដេចបានប្រសាសន៍ថា “នៅជំនាន់ប៉ុលពតតម្លៃដីកាន់តែបាត់បង់ទៅទៀត ហើយរហូតដល់ក្រោយជំនាន់ប៉ុលពតក៏នៅតែបន្តអត់មានតម្លៃដដែល ជាក់ស្ដែងជំនាន់នោះរដ្ឋភិបាលជួលប្រជាជនឱ្យទៅធ្វើការងារកសិកម្មលើដីនោះទៅទៀត ខុសពីជំនាន់ដីមានតម្លៃដែលធ្វើឱ្យមនុស្សឈ្លោះដណ្ដើមគ្នាយកដី”។

បើទោះបីជាក្នុងវិបត្តិនៃជំងឺកូវីដ១៩យើងសង្កេតឃើញថាតម្លៃដីធ្លីនៅតែបន្តរក្សានូវតម្លៃខ្ពស់ដដែល មិនមានការធ្លាក់ចុះនោះទេ ហើយសកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងវិបត្តិនេះក៏នៅតែបន្តមានដដែល ដូច្នេះបើសិនជាមានសង្គ្រាមដូចជំនាន់ប៉ុលពតជឿជាក់ថាគ្មានអ្នកណាចង់បានដីទេ ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអ៊ីស្ទេត បានឱ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជានឹងនៅតែបន្តឡើងថ្លៃថែមទៀត ហើយបើធៀបនឹងប្រទេសជិតខាងរបស់កម្ពុជាឃើញថាតម្លៃដីនៅកម្ពុជានៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យវិនិយោគិនបរទេសចង់ចូលមកវិនិយោគនៅក្នុងប្រទេស ។

លោកបន្តថាកាលពីមុនដីនៅកណ្ដាលក្រុងបច្ចុប្បន្ននេះគឺជាតំបន់ជាយក្រុង ហើយតម្លៃដីតំបន់នោះបាន ហក់កើនឡើងខ្ពស់ណាសមកដល់ពេលបច្ចុប្បន្ននេះ។ តំបន់ជាយក្រុងនៅពេលបច្ចុប្បន្ននឹងក្លាយជាតំបន់កណ្ដាលក្រុងនៅពេលអនាគត ហើយទីក្រុងក៏កាន់តែរីកចម្រើនជាបន្តបន្ទាប់នៅពេលមានការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here