កម្ពុជាផ្តល់អាជ្ញាបណ្ណលើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុន៧ផ្សេងគ្នាក្នុងទីតាំងខេត្តចំនួន៥

0

ដោយៈ សុធារី

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្ម រ៉ែមាសចំនួន៧ ជូនដល់ក្រុមហ៊ុន៧ផ្សេងគ្នា ក្នុងទីតាំងខេត្តចំនួន៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាស ទាំង៧នោះ មាននៅក្នុងខេត្ត រួមមាន ខេត្តក្រចេះ ១ទីតាំង ខេត្តព្រះវិហារ ២ទីតាំង ខេត្តមណ្ឌលគីរី២ទីតាំង ខេត្តរតនគីរី១ទីតាំង និងខេត្តបាត់ដំបង១ទីតាំង។

លោក អ៊ឹង ឌីប៊ូឡា បានគូសបញ្ជាក់ថា ការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧ទីតាំងនេះ ក្នុងនោះមាន១ទីតាំង ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសហើយ ដែលវិនិយោគដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ខណៈ៦ទីតាំងផ្សេងទៀត កំពុងរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ចម្រាញ់រ៉ែមាស ដែលអាចនឹងដំណើរការ នៅពេលខាងមុខ។

បន្ថែមពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហះ ចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា ខ្មែរ ផងដែរ។

ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជិត៨០០គីឡូក្រាម ដែលចម្រាញ់ដោយក្រុមហ៊ុនវិនិយោគរបស់ប្រទេសអូស្ដ្រាលី Renaissance Minerals (Cambodia) Ltd ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

សម្ដេចតេជោ បានបញ្ជាក់ថា “ក្នុងរយៈពេលតែប៉ុន្មានខែ យើងជីកមាសបានជិត៨០០គីឡូក្រាម អីចឹងបើមួយឆ្នាំ យើងនឹងជីកបានច្រើនជាងនេះ។ ឥលូវកំពុងសិក្សានៅកន្លែងផ្សេង ដែលជាក្រុមហ៊ុនមួយដ៏ធំ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយគ្នា”។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ដោយបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ។

ក្រៅតែពីមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីហើយនោះ ក្រុមហ៊ុន Renaissance Minerals ក៏កំពុងបើកប្រតិបត្តិការរុករករ៉ែមាស តំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here