ដោយៈលក្ខិណា
ភ្នំពេញៈ អ្នកឧកញ៉ាគិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ពិតជាមានសារៈសំខាន់ និងចំពេលដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
អ្នកឧកញ៉ាបានមានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូនអនឡាញកាលពីថ្ងៃទី១០ វិច្ឆិកា២០២១នេះ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ច្បាប់នេះ នឹងចូលរួមចំណែក ក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននាពេលថ្មីៗនេះ។
ប្រធានសភាពាណិជ្ជកម្មរូបនេះ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជន ដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។
អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលដល់ការវិនិយោគ អ្នកឧកញ៉ា ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មកកាន់វិស័យឯកជន។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីការផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់របស់ផ្នែកឯកជន ដល់ច្បាប់នេះ ថ្វីត្បិតការជួបជុំនាពេលនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូក្តី លោកបានជម្រាបជូនអង្គសិក្ខាសាលាអំពីសាវតារ នៃការតាក់តែងច្បាប់វិនិយោគ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
លោកបានបន្តថា “ច្បាប់នេះបានឆ្លងកាត់ការសិក្សា ស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើន រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជនផងដែរ”។ លោកបន្តថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្ម រវាងមហា អំណាចសេដ្ឋកិច្ច បដិវត្តឧស្សាហកម្មទី៤ បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ច្បាប់វិនិយោគថ្មីនេះ ក៍បានផ្តល់ការគិតគួរដល់ការ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុន តូចនិងមធ្យម ក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ ៕