ដោយៈរតនៈ
ភ្នំពេញៈ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជន ក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។
តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយ ទៅនឹងការចង់បានរបស់អតិថិជន នោះគឺជាភាពរីកចម្រើន ដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។
លោកជឺន បូរាណច័ន្ទបូរ៉ាត់ អគ្គនាយកនីតិកម្មរបស់ធនាគារហត្ថា បានមានប្រសាសន៍ឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលពីសប្តាហ៍មុនថា ក្នុងនាមជាធនាគារមានបទពិសោធន៍ចាស់ទុំ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យ ប្រកបដោយទំនុកចិត្ត ធនាគារ ហត្ថា មានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះ គឺជាកិច្ចការមួយផ្សេងទៀត ដែលយើងចាំបាច់ត្រូវធ្វើ ដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មរបស់យើង ឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ។
លោកបានបន្ថែមថា “យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើង ព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានា ដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន”។
អ្នកស្រី Zhao Haiming អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថា នៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។
ជាមួយគ្នានេះ លោក ចំរើនឫទ្ធិអគ្គនាយកក្រុមហ៊ុនហ្វតតេបានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត។
លោកបន្តថា “ខ្ញុំសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើង លើវិស័យធានារ៉ាប់រងមានការឡើង គួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន។ ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង”។ លោកបន្តថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ ហត្ថា ដែលបន្តសហការជាមួយក្រុមហ៊ុនហ្វតតេ។ ដូចដែលយើងបានដឹងហើយថា ធនាគារហត្ថា គឺជាធនាគារដែលនាំមុខគេមួយនៅកម្ពុជា ហើយហ្វតតេ ជាក្រុមហ៊ុនឈានមុខគេខាងវិស័យធានារ៉ាប់រង។ ខ្ញុំសង្ឈឹមថា នៅថ្ងៃអនាគតយើងនឹងមានផលិតផល ឬសេវាកម្មផ្សេងៗទៀត ដើម្បីផ្តល់ជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគាត់”។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
ធនាគារ ហត្ថា
លេខទូរសព្ទ៖ 1800 212 222 (ដោយឥតគិតថ្លៃ) | 023 999 266
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.hatthabank.com
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ
លេខទូរសព្ទ៖ 023 885 077
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.forteinsurance.com៕