កម្ពុជា ជប៉ុនកំពុងជំរុញការបើកជើងហោះហើរត្រង់ឡើងវិញនាពេលឆាប់ៗនេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឱ្យទេសចរវ៉ាក់សាំងចូលមកទស្សនានៅតាមតំបន់នានា ក្នុងប្រទេសឡើងវិញនៅដើមខែក្រោយ ដោយជំហានដំបូងខេត្តចំនួន២ ត្រូវបានអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា រួមមាន តំបន់តារាសាគរ ខេត្តកោះកុងនិងខេត្តព្រះសីហនុ ។

ថ្មីនេះដែរកម្ពុជា ជប៉ុន បានសម្រេចជំរុញការបើកជើងហោះហើរត្រង់ឡើងវិញនៅពេលឆាប់នេះ ដើម្បីទាក់ទាញទេសចរជប៉ុនមកកាន់គោលដៅបីសំខាន់នៅកម្ពុជា។

នៅក្នុងជំនួបជាមួយលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា ២០២១ ជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភាគីទាំងពីរសម្រេចថានឹងជំរុញ ការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេស សម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបី ដែលមានសុវត្ថិភាពសម្រាប់ទេសចរ រួមមាន ក្រុងព្រះសីហនុ កោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ក្នុងបរិបទកូវីដ១៩នេះ។

លោកថោង ខុន ក៏បានជំរុញដល់ការអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍កម្ពុជាអាចចូលទៅកាន់ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានប្រកបដោយសុវត្ថិភាព។

លោកក៏បានជម្រាបជូន លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ថាកម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុន មកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅ សុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុង​ព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរ ក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេ ឱ្យទេសចរវ៉ាក់សាំងចូលមកកម្ពុជាបាននោះ អ្នកដែលត្រេកអរជាងគេ គឺអ្នកផ្ដល់សេវាទេសចរណ៍ ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗជាដើម។

លោកបន្តថា ប៉ុន្តែដើម្បីឱ្យការបើកនេះ កាន់តែមានភាពល្អប្រសើរទៀតយើងនឹងចូលជួបជជែកជាមួយថ្នាក់ដឹកក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវចូលមកកាន់​តែច្រើនបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here