អគារទីស្ដីការក្រសួងមហាផ្ទៃដ៏ស្កឹមស្កែចំណាយរហូតដល់តម្លៃ៦០លានដុល្លារ?

0

ដោយៈ សុផារី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង និងភរិយា ព្រមជាមួយក្រុមការងារអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីនៅលើទីតាំងចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៧ហិចតា ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

នាឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានចូលរួមប្រារព្ធពិធីក្រុងពាលី និងសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តី សេចក្តីចម្រើននិងធ្វើពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះ ហើយក៏បានបន្តអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ចុចប៊ូតុងបញ្ជាគ្រឿងចក្រ ចាប់ផ្ដើមសម្ពោធការដ្ឋានសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ជាផ្លូវការចាប់ពីពេលនេះតទៅ។

អាគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអាគារនេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តី ការរបស់ក្រសួមហាផ្ទៃនេះមានទំហំបណ្តោយ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអាគារបានសរុបចំនួន៣៣០គ្រឿង។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិតចាប់ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា  ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេ។

ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។

ផ្ទៃក្រឡាសរុបរបស់អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំជាង១០៥,៥៤៥ ម៉ែត្រក្រឡា គិតពីមហាវិថីព្រះនរោត្តម មកត្រឹមក្រោមដំបូលអគារកម្ពស់៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង៩២ម៉ែត្រ គិតដល់ចុងបុស្បបុកតូច និង១១៨ ម៉ែត្រគិតដល់ចុងបុស្បបុកធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here