ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាមានចំនួន១៤៦គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ២,៨៥៣លានដុល្លារអាមេរិក

0

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៨៥៣លានដុល្លារអាមេរិក។

ក្នុងចំណោមគំរោងទាំងនោះ មានគម្រោងវិនិយោគចំនួន៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសហការរៀបចំធ្វើការផ្សព្វផ្សាយជូនវិនិយោគិននិងធុរជនជប៉ុន ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ៊ូហូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធីនេះត្រូវបានប្រព្រឹត្ត មានការចូលរួមពី លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកម៉ាសាហ៊ីរ៉ូមីខាមី ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន តំណាងធនាគារមីស៊ូហ្វ, ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុននៅក្នុង និងក្រៅប្រទេសជប៉ុន រួមទាំងក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាស្រាប់ប្រមាណជិត ៤០០ក្រុមហ៊ុន។

ក្នុងកិច្ចប្រជុំនេះ លោកអ៊ុង រចនាឯកអ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានមាន​ប្រសាសន៍ថា ច្បាប់ស្តីពីវិនិយោគថ្មីនេះនឹងដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៍រឹងមាំ សម្រាប់វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្របពេលដែលកម្ពុជា កំពុងស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវី៥-១៩។

លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិង បានទទួលយកមតិព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជន និងសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដើម្បី ប្រមូលធាតុចូល ឱ្យបានគ្រប់ជ្រុងជ្រោយយកទៅដាក់បញ្ចូលក្នុងច្បាប់ថ្មី ស្តីពីវិនិយោគនេះ។

លោកក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា “ការប្រកាសឱ្យប្រើនូវច្បាប់នេះនឹងជាយុទ្ធសាស្ត្រមួយ ដ៍មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិនៃជំងឺកូវីដ ១៩ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់សម្រាប់ ការវិនិយោគប្រកបដោយគុណភាព និងចីរភាព”។ លោកបន្តថា ជប៉ុននឹងចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”។

ចំណែកលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និង ធនាគារមីហ្សូណូ និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។
លោកសុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការជាប្រចាំរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីយ៉ូហូ ដែលជានិច្ចកាល ដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជាជូន ដល់វិនិយោគិនជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here