លោកស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងទាំង៣៣០ក្នុងផែនការមេ

0

ដោយ៖ សុផារី

ភ្នំពេញ៖ អាស៊ានត្រូវការថវិកា ប្រមាណ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០សម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតំបន់ ភស្តុភារកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់។នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM)។
លោកបានបន្ថែមថា ក្នុងនោះកម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បី អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកបានលើកឡើងដូចនេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ត្រូវបានដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ចូលរួមពីលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងបញ្ហាអាទិភាពសំខាន់ៗរួមមាន ការបញ្ចប់ពិធីសារដើម្បី អនុវត្តកញ្ចប់សន្យាទី១២ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប ការដាក់ឱ្យដំណើរការការអនុវត្តពិធីសារទី៧ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រម ព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងបន្ថែមដល់ការរួមបញ្ចូលគ្នានៃការដឹក ជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ាន។

លោកក៏បានលើកឡើងផងដែរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ អាស៊ានជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំកម្មវិធីប្រកបដោយ និរន្តរភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here