ដោយៈ សុធារី
ប្រទេសថៃៈ ក្រុមហ៊ុនថាមពលដ៏ធំរបស់ប្រទេសថៃ PTT និងក្រុមហ៊ុនរថយន្តអគ្គិសនី Start Up របស់ប្រទេសចិន Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃពុធ។
ភាពជាដៃគូនេះ រួមមាន ការចែកចាយរថយន្តអគ្គិសនី របស់ក្រុមហ៊ុន Hozon និងការស្វែងរកឱកាស សម្រាប់ផលិតកម្មជាមួយនឹងរោងចក្ររបស់ PTT និង Foxconn នៅក្នុងប្រទេសថៃ។
ក្រុមហ៊ុន PTT បាននិយាយកាលពីមុនថា ខ្លួនគ្រោងនឹងវិនិយោគពី១ពាន់លានដុល្លារទៅ២ពាន់លានដុល្លារក្នុងរយៈពេល៦ ឆ្នាំក្នុងការផលិតរថយន្តអគ្គិសនី ជាមួយនឹងគោលដៅផលិតដំបូងគឺ៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។
មន្ត្រីថាមពលជាន់ខ្ពស់ Tarath Sutabutr ដែលធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានប្រាប់កាសែតរ៉យទ័រថា “កិច្ចព្រមព្រៀងនេះ បង្ហាញពីសមត្ថភាពផលិតរថយន្តអគ្គិសនី និងសមត្ថភាពក្នុងការពង្រីកទីផ្សារក្នុងតំបន់របស់ប្រទេសថៃ”។
កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន PTT បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Foxconn របស់តៃវ៉ាន់សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងខែកញ្ញាកន្លងមក។
ប្រទេសថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទីបួន របស់អាស៊ី និងជាមូលដ្ឋានផលិតកម្ម សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូល ដូចជា Toyota និង Great Wall Motor របស់ចិនផងដែរ។
រដ្ឋាភិបាលថៃ ដែលកាន់កាប់ភាគហ៊ុនចំនួន៥១,១% នៅក្នុងក្រុមហ៊ុន PTT បានកំណត់គោលដៅថា៣០% នៃផលិតកម្មរថយន្តក្នុងស្រុកជារថយន្តអគ្គិសនី នៅឆ្នាំ២០៣០។ ការផ្លាស់ប្តូរទៅរថយន្តអគ្គិសនី គឺជាផ្នែកមួយនៃចក្ខុវិស័យថ្មីរបស់ PTT ក្នុងការរីកលូតលាស់អាជីវកម្មថ្មី និងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ៕