ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖តម្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជាបានហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យមានរារាំងដល់ការធ្វើដំណើររបស់វិនិយោគិននិងទេសចរចិនចូលកម្ពុជា ។ យ៉ាងណាក្ដី វិនិយោគិននិងធុរជនកម្ពុជារំពឹងថាសំបុត្រយន្តហោះពីចិនមកកម្ពុជានឹងចុះវិញនៅពេលឆាប់ៗនេះ ហើយនឹងអាចឱ្យវិនិយោគិននិងទេសចរចិនចូលកម្ពុជាដូចដើមឡើងវិញ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ការឡើងថ្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជាវាមិនអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់វិនិយោគិននោះទេ ពីព្រោះថាវិនិយោគិនដែលមានការចាំបាច់និងត្រូវការមើលទៅលើអាជីវកម្មនិងជំនួញរបស់គេធំៗ គេនឹងចូលកម្ពុជាដដែល ក្រោយពេលរដ្ឋាភិបាលបានប្រកាសបើកប្រទេស ។
លោកបន្តថា ពាក់ព័ន្ធនឹងតម្លៃយន្តហោះឡើងថ្លៃនេះ វានឹងចុះវិញនៅពេលឆាប់ៗនេះហើយ ជាពិសេសនៅពេលស្ថានភាពកូវីដ១៩បានថមថយនិងប្រសើរជាសាកល ដូច្នេះវាមិនអាចនៅឡើងខ្ពស់ដដែលនោះទេ ។
លោកបន្ថែមថាក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនេះ យើងរំពឹងថាវិស័យអចលនទ្រព្យនឹងមានសន្ទុះងើបឡើងខ្លាំង ហើយវានឹងមានសន្ទុះខ្លាំងជាងកាលពីមុនវិបត្តិកូវីដ១៩ទៅទៀត ពីព្រោះថារយៈពេលជិត២ឆ្នាំមកហើយដែលវិនិយោគិនអន្តរជាតិមិនបានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ដូច្នេះនៅពេលប្រទេសណាមួយបើកឱ្យជនបរទេសចូលវិញពេលនោះវិនិយោគិននឹងទៅរកប្រទេសនោះ ។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានលើកឡើងផងដែរថា បើសិនជាស្ថានភាពកូវីដ១៩លើពិភពលោកបានថមថយ ពេលនោះអ្នកដំណើរបរទេសនឹងចាប់ផ្ដើមធ្វើដំណើរឡើងវិញហើយនៅពេលមានអ្នកដំណើរតាមអាកាសកាន់តែច្រើន ពេលនោះ ក្រុមហ៊ុនអាកាសចរណ៍នឹងបញ្ចុះតម្លៃសំបុត្រមកទាបវិញ ប៉ុន្តែឆាប់ៗនេះបើសំបុត្រយន្តហោះខ្ពស់បែបនេះវាក៏ធ្វើឱ្យប៉ះពាល់ដល់ទេសចរបរទេសដែលនឹងចូលមកកម្ពុជាពីព្រោះតែពួកគេមិនអាចចំណាយខ្ពស់មកទស្សនានៅកម្ពុជា ដោយគ្រាន់តែជិះយន្តហោះត្រូវចំណាយខ្ពស់កប់ពពកបាត់ទៅហើយ ។
អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើនក៏បានបញ្ចេញជាទស្សនៈថា ថ្មីៗក្រោយពីរដ្ឋាភិបាលប្រកាសបើកប្រទេស វិនិយោគិនបរទេសទំនងជាមិនទាន់អាចចូលមកវិនិយោគនៅកម្ពុជាភ្លាមៗនោះទេ តែវិនិយោគិននឹងចូលមករកការវិនិយោគនិងធ្វើសកម្មភាពវិនិយោគរបស់ខ្លួននៅដើមឆ្នាំក្រោយ ៕