ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្តេចចង់ឱ្យរដ្ឋាភិបាលចិន ជំរុញអ្នកជំនាញរបស់ខ្លួនមកសិក្សា និងបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងប្រទេស ដើម្បីសម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់លក់ទៅប្រទេសជិតខាង និងប្រទេសដែលមានតម្រូវការវ៉ាក់សាំងផង។
សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីទទួលវ៉ាក់សាំង២លានដូស ជាជំនួយរបស់ប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា២០២១នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្តេចបន្តថា ចិនបានផ្ដល់វ៉ាក់សាំងមកកម្ពុជា សរុបចំនួន៣៦,៨លានដូសហើយ ក្នុងនោះ៨,៣លានជាជំនួយរបស់ចិន និង២៨,៥លានដូសគឺជាការបញ្ជាទិញរបស់កម្ពុជាពីភាគីចិន។
តាមរយៈវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគេចផុតពីកូវីដ១៩ ហើយបើឆ្លងកូវីដ១៩ ក៏មិនធ្វើឱ្យជំងឺក្លាយទៅជាធ្ងន់ធ្ងរដែរ ។
តាមរយៈសំណើររបស់សម្ដេចតេជោហ៊ុនសែន ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោរំពឹងថាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងជម្រាបទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសចិន ជាពិសេសប្រធានាធិបតីស៊ីជិនពីង ដើម្បីឱ្យអ្នកជំនាញមកសិក្សាក្នុងប្រទេសកម្ពុជា លើការផលិតវ៉ាក់សាំងនេះសម្រាប់ខ្លួនឯង និងប្រជាជាតិក្នុងតំបន់ និងពិភពលោកដែលមានតម្រូវការវ៉ាក់សាំងផងដែរ ។
សម្ដេចមានប្រសាសន៍ថា “យើងមិនបានដឹងថាវីរុសកូវីដ១៩ វានឹងបាត់រលត់នៅពេលណាមួយនោះទេ ប៉ុន្តែបើសិនជាយើងមានវ៉ាក់សាំង ប្រឆាំងកូវីដគ្រប់គ្រាន់វាក៏បានធ្វើឱ្យប្រជាពលរដ្ឋអាចគេចផុតពីកូវីដ១៩បាន និងជួយដល់សេដ្ឋកិច្ចយើងផងដែរ”។
សម្ដេចបន្ថែមថា បណ្ដាប្រទេសមួយចំនួនបានធ្វើរួចហើយ គឺយកវត្ថុធាតុដើមវ៉ាក់សាំងពីប្រទេសធំៗ មកផលិតក្នុងប្រទេសខ្លួនដូចជាឥណ្ឌូនេស៊ី និងប្រទេសថៃជាដាដើម ហើយកម្ពុជាក៏មានលទ្ធភាព ក្នុងការដឹកស៊ីណូវ៉ាក់ ឬស៊ីណូហ្វាមមកផលិតនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងអន្តរជាតិ៕