ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កូរ៉េគឺជាវិនិយោគិនធំមួយនៅក្នុងចំណោមវិនិយោគិនធំៗ ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ននេះកូរ៉េបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារអាមេរិក។
លោក Part Heung-Kyeoung ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំវេទិកាកម្ពុជា-កូរ៉េឆ្នាំ២០២១កាលពីពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មប្រទេសទាំង២ កាលពីឆ្នាំ២០១៩ សម្រេចបានជាង១ពាន់លានដុល្លារ ខណៈប្រទេសកូរ៉េគឺជាអ្នកវិនិយោគធំជាងគេទី២ នៅកម្ពុជាដោយបានបណ្តាក់ទុនជិត៧ពាន់លានដុល្លារ គិតពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន ។
លោកមានសុទិដ្ឋិនិយមថា “ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំង២ គ្រោងនឹងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីនាពេលខាងមុខ នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់ការដោះដូរទំនិញទ្វេភាគី និងរំហូរវិនិយោគទុនផ្ទាល់ (FDI) ពីកូរ៉េមកកម្ពុជានាពេលដ៏ខ្លីខាងមុខ”។
លោកបន្តថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េរួមជាមួយនឹងការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានសំដែងការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានតាក់តែងច្បាប់វិនិយោគថ្មីនេះឡើង និងទទួលបានការឡាយព្រះហត្ថលេខា របស់ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្របពេលដែលកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលបណ្តាលមកពីកូវីដ ១៩។
លោកស្រីបន្តថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងកម្ពុជា និងកូរ៉េកាលពីចុងខែកន្លងទៅ បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជ កម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូល រួមលើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំង ២ ក្នុងការបង្កើនរំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៦០ ថ្ងៃបន្ទាប់ពីភាគីទាំងពីជូនដំណឹងឱ្យគ្នាទៅវិញទៅមក តាមរយៈការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័ន។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងទាក់ទាញការវិនិយោគពីប្រទេសកូរ៉េបន្ថែមទៀត នឹងជំរុញ ឱ្យលំហូរវិនិយោគកូរ៉េមកកម្ពុជាកាន់តែច្រើនឡើង៕