ដោយ: សុធារី
ត្បូងឃ្មុំ: សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការសេវាកម្មខារ៉ាអូខេ ឌីស្កូទេស និងក្លឹបកម្សាន្ត ចាប់ពីថ្ងៃទី១ ខែធ្នូ នេះហើយ ដោយសារឥរិយាបថរបស់ប្រជាជនកម្ពុជាក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែ កន្លងមក ដែលតួលេខនៃការឆ្លងបានធ្លាក់ចុះ ក្នុងចំនួនត្រឹមក្រោម៥០ នាក់តែប៉ុណ្ណោះ។
សម្ដេចតេជោក៏ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តប្រកាន់ខ្ជាប់នូវឥរិយាបថនេះបន្តទៀត ហើយសម្តេចមានជំនឿទុកចិត្តថា ការបើកប្រទេសលើកនេះ គឺមិនថយក្រោយទេ។
សម្របពេលការបើកដំណើរការប្រទេសឡើងវិញ សម្ដេចតេជោបានមានប្រសាសន៍ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងលើសពីផែនការដែលបានដាក់ចេញ។ កំណើនសេដ្ឋកិច្ចរបស់ឆ្នាំ២០២១ ស្ថិតក្នុងរង្វង់២,៤ ភាគរយ ប៉ុន្តែមានការវាយតម្លៃពីអង្គការមួយថាសេដ្ឋកិច្ចកម្ពុជាមានរហូតដល់២,៨ ភាគរយ។
សម្តេចតេជោបានបញ្ជាក់ថា “ប៉ុន្តែខ្ញុំគិតថាប្រសិនបើ កំណើនសេដ្ឋកិច្ច២ ខែចុងឆ្នាំនេះត គឺកំណើនសេដ្ឋកិច្ចរបស់យើងអាចឈានឆ្ពោះទៅរកជុំវិញ៣ ភាគរយ៕”