ដោយៈស៊ីវ ម៉េង
សៀមរាបៈ ប្លង់មេនៃ Master Plan ទីក្រុងសៀមរាបថ្មី (Grand City Siem Reap) ត្រូវបានរកឃើញ និងស្គាល់ទីតាំងពិតប្រាកដហើយ។

ដោយៈស៊ីវ ម៉េង
សៀមរាបៈ ប្លង់មេនៃ Master Plan ទីក្រុងសៀមរាបថ្មី (Grand City Siem Reap) ត្រូវបានរកឃើញ និងស្គាល់ទីតាំងពិតប្រាកដហើយ។

Master Plan នេះ ត្រូវបានផ្តល់ជូនពីមន្រ្តីមូលដ្ឋាន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានឲ្យដឹងពីទីតាំងជាក់លាក់នៃគំរោងទីក្រុង ដែលមានទីតាំងនៅចំណុចពិសេសមួយ ក្នុងស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកសូត្រនិគម ក្នុងខេត្តសៀមរាប។
យោងតាមប្រភពរបស់អ្នករកស៊ីដីធ្លីបានឲ្យដឹងថា បច្ចុប្បន្នដីធ្លីនៅក្នុងរង្វង់នៃផែនការមេទីក្រុងនេះ មានតម្លៃទាបនៅឡើយ ដោយគេអាចរកបានក្នុងតម្លៃចន្លោះ៥ទៅ៧ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ខណៈអ្នកជំនាញអចលនទ្រព្យបាននិយាយថា ការវិនិយោគដីធ្លីនៅក្នុងតំបន់ប្លង់មេទីក្រុងនេះ នឹងមានផលចំណេញខ្ពស់នាពេលអនាគត។
លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានចុះទៅកាន់តំបន់នេះ កាលពីដើមខែវិច្ឆិកាកន្លងមកបានឲ្យដឹងថា បើតាមការសាកសួរមន្រ្តីបានឲ្យដឹងថា គម្រោងផ្លូវហាយវេសាងសង់ តភ្ជាប់ពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប នឹងសាងសង់កាត់កណ្តាលទីក្រុង Grand City Siem Reap ដែលគំរោងផ្លូវហាយវេនេះ នឹងលេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “តាមផែនការរបស់រដ្ឋាភិបាល ខេត្តសៀមរាបនឹងត្រូវពង្រីកពីក្រុងចាស់ទៅកាន់តំបន់ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ទីក្រុងថ្មី និងតភ្ជាប់ជាមួយព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីផងដែរ”។ លោកបន្តថា “ក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងប្រមូលទិញដី នៅចន្លោះក្រុងសៀមរាបចាស់ ឆ្ពោះទៅកាន់ក្រុងសៀមរាបថ្មីបណ្តើរៗហើយ។ នេះជាព៌តមានជាក់លាក់ដែលខ្ញុំទទួលបាន”។

រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកបណ្ឌោតថោង ខុន បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា Master Plan Grand City សៀមរាបត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាអនុម័តរួចហើយ ប៉ុន្តែផែនការសាងសង់ទីក្រុងនេះ និងការផ្សព្វផ្សាយពីសក្តានុពលរបស់ទីក្រុងថ្មីនេះ ត្រូវបានខកខានដោយសារវិបត្តិកូវីដ១៩។
លោកបន្តថា “រដ្ឋាភិបាលនឹងធ្វើសិក្ខាសាលា ផ្សព្វផ្សាយពីសក្តានុពល សម្រាប់កិច្ចអភិវឌ្ឍន៍ទីក្រុងថ្មីនេះនាពេលខាងមុខ”។

ការបង្កើតទីក្រុងថ្មីសៀមរាប Grand City ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តសៀមរាប ដែលទីក្រុងថ្មីនេះនឹងអនុញ្ញាត្ត ឲ្យមានការសាងសង់អគារខ្ពស់ៗ ខណៈទីក្រុងសៀមរាបបច្ចុប្បន្ន មិនត្រូវបានរដ្ឋាភិបាលអនុញ្ញាត្តឲ្យសាងសង់អគារខ្ពស់ៗនោះទេ៕