តើអ្នកចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យដំបូងគួរធ្វើការងារពេញម៉ោង ឬក្រៅម៉ោង?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលវិស័យអចលនទ្រព្យកាន់តែមានសន្ទុះ មានមនុស្សមិនតិចទេ ដែលបានបោះបង់ ការងារស្នួលរបស់ខ្លួនទាំងស្រុង ទៅប្រឡូកជាមួយនឹងការងារជាភ្នាក់​ងារអចលនទ្រព្យ ហើយក៏មានអ្នកខ្លះជោគជ័យ ខ្លះក៏មិនជោគជ័យនិងត្រលប់ទៅរកការងារដើមវិញ។

ខ្លះទៀត ក៏ចាប់ផ្ដើមជាមួយការងារ ជាភ្នាក់ងារអចលនទ្រព្យក្រៅម៉ោង ធ្វើការនៅចុងសប្ដាហ៍ប៉ុណ្ណោះ ។ ដូច្នេះ ក្នុងការប្រឡូកជាមួយវិស័យអចលនទ្រព្យដំបូង គួរតែធ្វើពេញម៉ោងឬក្រៅម៉ោង?។

នៅក្នុងសៀវភៅ វិថីអចលនទ្រព្យ និពន្ធដោយលោកគាម សៀកឡុងបានបង្ហាញពីភាពខុសគ្នា រវាងការងារជាភ្នាក់ងារអចលវត្ថុក្រៅម៉ោង និងការងារជាភ្នាក់ងារអចលនវត្ថុពេញម៉ោង។

១. ភ្នាក់ងារអចលនវត្ថុក្រៅម៉ោង
សម្រាប់បងប្អូនដែលកំពុងមានការងារ ឬមុខរបរពេញម៉ោងរួចហើយ តែពួកគាត់មិនទាន់ច្បាស់ពីចំណង់ និងជំនឿថា អាចប្រកបមុខរបរជាភ្នាក់ងារអចលនវត្ថុនេះនឹងទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ ពួកគាត់អាចសាកល្បង ដោយចាប់ផ្ដើមធ្វើក្រៅម៉ោងដូចជាចុងសប្ដាហ៍ ឬថ្ងៃឈប់សំរាកជាដើម។

កន្លងមក មានបងប្អូនខ្លះបានខិតខំប្រឹងប្រែង តស៊ូព្យាយាម មានទេពកោសល្យ ក៏ទទួលបានលទ្ធផល ហើយបានសម្រេចចិត្ដ លាឈប់ពីការងារពេញម៉ោងរបស់ខ្លួនមកចាប់ផ្ដើមអាជីព ជាភ្នាក់ងារអចលនវត្ថុពេញម៉ោងតែម្ដង តែក៏មានបងប្អូនជាច្រើនមិនទទួលបានលទ្ធផលទេ ដោយធ្វើមិនពេញដៃពេញជើង និងមិនបានចំណាយពេលវេលាធ្វើការគ្រប់គ្រាន់ ហើយក៏បោះបង់ទៅវិញ។

២. ភ្នាក់ងារអចលនវត្ថុពេញម៉ោង
ចង់ក្លាយជាភ្នាក់ងារអចលនវត្ថុពេញម៉ោង អ្នកត្រូវតែជាអ្នកតាំងចិត្ដយ៉ាងមុតមាំថានឹងប្រកបរបរនេះ ដោយបោះបង់នូវការងារផ្សេង ឬក៏ចាប់ផ្ដើមអាជីពដំបូង ជាមួយនឹងការងារនេះតែម្ដង។ ពួកគាត់មានពេលវេលាគ្រប់គ្រាន់ ផ្ដោតលើការងារនេះទាំងស្រុង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានអ្នកដែលមិនទទួលបានលទ្ធផលល្អប្រសើរ មិនបានត្រៀមខ្លួនបានល្អ ហើយក៏ត្រឡប់ទៅរកការងារ ឬមុខរបរផ្សេងផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន ប៉ុន្តែ ភ្នាក់ងារអចលនទ្រព្យខ្លះ ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ មានវិជ្ជាជីវៈ តែក៏មានភ្នាក់ងារអចលទ្រព្យទៀត មិនបានទទួលការបណ្ដុះបណ្ដាល និងចេះតែតាំងខ្លួនជាភ្នាក់​ងារអចលនទ្រព្យ និងមានការងារមួយជាការងារស្នួលរបស់ខ្លួន។

ខ្លះទៀត ក៏បានបង្កើតផេកហ្វេសប៊ុក ហើយបង្ហោះលក់អចលនទ្រព្យដែលខ្លួនទាក់​ទងបានពីម្ចាស់ទ្រព្យ ទៅក្នុងបណ្ដាញសង្គមរបស់ខ្លួន។ តាមរយៈវិស័យអចលនទ្រព្យនេះដែរ យើងក៏បានឃើញថាមានមនុស្សជាច្រើន ទទួលបានជោគជ័យពីការងារមួយនេះ និងខ្លះទៀតបានត្រឹមតែមួយរស់ ហើយខ្លះទៀតក៏ទៅរកការងារផ្សេង ដើម្បីរកចំណូលវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here