សេដ្ឋកិច្ចឡាវរំពឹងខ្ពស់លើផ្លូវដែក ដែលតភ្ជាប់ពីប្រទេសចិនមកកាន់រដ្ឋធានីវៀងច័ន្ទដែលគ្រោងដាក់ឱ្យដំណើរការនៅខែធ្នូ

0

ដោយៈសុខុម

បាងកក: ផ្លូវដែកស្ថាបនាដោយចិន ថ្មីមួយខ្សែដែលមានតម្លៃរហូតដល់ទៅ៦ពាន់លានដុល្លារអាមេរិក គ្រោងដាក់ឱ្យដំណើរការជាផ្លូវការក្នុងប្រទេសឡាវ នៅថ្ងៃសុក្រ ទី៣ ធ្នូ ហើយប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះសង្ឃឹមយ៉ាងមុតមាំថា ផ្លូវដែកនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៨ វិច្ឆិកា ឱ្យដឹងថា ផ្លូវដែកប្រវែង៤១៤គីឡូម៉ែត្រនេះ បានចំណាយពេលស្ថាបនារហូតដល់ទៅ៥ឆ្នាំ ក្រោមគំនិតផ្តួចផ្តើម “ផ្លូវ និងខ្សែក្រវាត់” (Belt and Road Initiative) ដែលមានទុនវិនិយោគរាប់ទ្រីលានដុល្លាររបស់មហាយក្សចិន ដែលផ្តល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងគោលបំណងបង្កើនឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំង ទូទាំងពិភពលោក។

លោក Anouphon Phomhacsar ជាកសិករដាំដំណាំផ្លែស្ត្របឺរីដែលកំពុងជួបការលំបាកសង្ឃឹមថា ផ្លូវរថភ្លើងថ្មីនេះ នឹងជួយឱ្យមុខរបររបស់គាត់ដំណើរការល្អឡើងវិញ។ ជាធម្មតា ចម្ការរបស់គាត់ប្រមូលផលផ្លែស្ត្របឺរី បានរហូតដល់ទៅ២តោនក្នុងមួយឆ្នាំ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១។

បច្ចុប្បន្នកសិកររូបនេះ ត្រូវចំណាយពេលពី៣ទៅ៤ម៉ោង ដើម្បីដឹកជញ្ជូនផ្លែស្ត្របឺរីរបស់គាត់ទៅកាន់ទីក្រុងវៀងចន្ទន៍ តាមផ្លូវគោក ប៉ុន្តែគាត់សង្ឃឹមថា ផ្លូវដែកថ្មីនេះនឹងជួយឱ្យគាត់ចំណេញពេលធ្វើដំណើរបានពាក់កណ្តាល។
គាត់និយាយទៀតថា វាក៏ងាយស្រួលជាងមុនផងដែរ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅបោះតង់គយគន់មើលផ្កាយ និងបេះផ្លែស្ត្របឺរី។ គាត់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “នៅពេលអនាគត ភ្ញៀវទេសចរបរទេស ដែលមកកាន់ចម្ការនេះអាចមានចំនួនរាប់ម៉ឺននាក់”។

ផ្លូវរថភ្លើងនេះ នឹងតភ្ជាប់ទីក្រុងគុនមីង (Kunming) ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលមានប្រជាជនប្រមាណ៧,២លាននាក់ ជាមួយនឹងផែនការដ៏ធំសម្បើមនៅទីបំផុត នោះគឺការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន រត់ឆ្លងកាត់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។

យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ បានដាំក្បាលចុះខ្លាំងស្ទើរហៅមិនឮ មកនៅត្រឹម០,៤%ក្នុងឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here