រដ្ឋាភិ​បាលចំណាយប្រាក់រហូតដល់១៧០លានដុល្លារដើម្បីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ

0

ដោយ: ម៉ាលីស

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្ន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់៦០ភាគរយ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដាក់ឱ្យដំណើរការ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោកបន្តថា “ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀត នៅតំបន់ឆ្នេរអូរឈើទា​ល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ ឡើង នាពេលខាងមុខនេះដែរ”។

យោងតាមសេចក្តីព្រាងផែនការ មេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នបរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហា​ញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឱ្យដឹងថា នៅឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣- ២០៣០ស្ថានីយអាចនឹងពង្រីកសមត្ថភាព ប្រព្រឹត្តកម្មដល់៦ម៉ឺនម៉ែត្រគូបឬ៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង១៧០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here