ដោយ៖ សុខុម
កូឡាឡាំពួ: កំពូលនៃអគារកប់ពពក Merdeka 118 ត្រូវបានសាងសង់បញ្ចប់ហើយនៅពេលនេះ ហើយមិនយូរទៀតទេអគារនេះនឹងក្លាយជាអគារដែលខ្ពស់ជាងគេបំផុតទី២ ក្នុងពិភពលោក ខណៈការងារសាងសង់សម្រេចបាន៨៥%។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ធ្នូ។
នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ អគារ Merdeka 118 របស់ម៉ាឡេស៊ី មួយនេះនឹងមានកម្ពស់សរុបរហូតដល់ទៅ៦៧៨,៩ម៉ែត្រ ជាអគារខ្ពស់បំផុតបន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់៨៣០ម៉ែត្រនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានលើកឡើងក្នុងពិធីមួយកាលពីពេលថ្មីៗនេះថា គម្រោងអគារនេះនឹងក្លាយជាកាតាលីករជំរុញសេដ្ឋកិច្ចសម្រាប់ក្រុងគូឡាឡាំពួ។
យោងតាមម្ចាស់អគារនេះគឺ Permodalan Nasional ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មកំពូលរបស់ម៉ាឡេស៊ី ឱ្យដឹងថា គម្រោងអគារ Merdeka 118 ដែលបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៥ និងមានតម្លៃរហូតដល់ទៅប្រមាណ១,១៨ពាន់លានដុល្លារអាមេរិក នេះគ្រោងនឹងសម្ពោធជាផ្លូវការនៅត្រីមាសទី៤ ចុងឆ្នាំ២០២២។
អគារដែលការសាងសង់សម្រេចបាន៨៥%នេះ នឹងមានសណ្ឋាគារ Park Hyatt Hotel ដំបូងបង្អស់ប្រចាំប្រទេសម៉ាឡេស៊ី កន្លែងគយគន់ទេសភាពខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍ ហើយក៏មានផ្សារទំនើប សារៈមន្ទីរ និងព្រះវិហារអ៊ិស្លាម ផងដែរ៕