ដោយៈ សុផារី
កណ្តាលៈ ក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានប្រសិទ្ធនាមថា “អាកាសយានដ្ឋានអន្តរជាតិតេជោ” ជាលើកទី២ នាព្រឹកថ្ងៃទី៩ ខែធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពន្យល់ មូលហេតុសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយកម្ពុជាមានគោលដៅទទួលទេសចរណ៍រហូតដល់១៥ ទៅ២០លាននាក់នាពេលខាងមុខ។
សម្ដេចតេជោ បានមានប្រសាសន៍លើកជាសំណួរថា ហេតុអ្វីនៅរាជធានីភ្នំពេញ និងនៅសៀមរាបមានព្រលានយន្តហោះហើយ ចាំបាច់ត្រូវធ្វើព្រលានយន្តហោះថ្មីថែមទៀត?
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានអះអាងថា “ពិតមែនហើយថា ព្រលានយន្តហោះទាំងនោះ អាចផ្គត់ផ្គង់តម្រូវការបា នកាលពីសម័យទសវត្សរ៍ឆ្នាំ៨០ និង៩០ ប៉ុន្តែមកដល់ឥឡូវនេះ គឺមិនអាចទទួលបានទេ នៅពេលដែលប្រទេសមានការរីកចម្រើន និងទេសចរណ៍កាន់តែច្រើន”។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា យើងទទួលបានទេសចរត្រឹមតែ៦,៦លាននាក់នៅ ឆ្នាំ២០១៦ តែយើងមិនត្រឹមតែចង់បានអ្នកទេសចរ ៦,៦លាននាក់នោះទេ។ គោលដៅរបស់យើង នឹងទទួលទេសចររហូតដល់ ១៥ លាននាក់ទៅ ២០ លាននាក់ឯណោះ ដូច្នេះហើយទើបមានតម្រូវការនៃការពង្រីកព្រលានយន្តហោះថ្មីនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះគឺជាសេចក្តីត្រូវការ នៃការពង្រីកសមត្ថភាព ក្នុងការទទួលជើងហោះហើរ ទាំងក្រៅប្រទេសនិងក្នុងប្រទេស។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ព្រលានយន្តហោះដែលមានបច្ចុប្បន្ន មិនអាចទាញយកផលប្រយោជន៍ ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើនបានទេ។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សមត្ថភាពរបស់អាកាសយានដ្ឋានបច្ចុប្បន្ន ក្នុងមួយពេលអាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅភ្នំពេញ ហើយកាន់តែតិចទៅ ទៀត សម្រាប់នៅសៀមរាប ដែលអាចចុះចតបានត្រឹមតែយន្តហោះធុនតូចៗប៉ុណ្ណោះ។ សម្រាប់នៅភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅនឹងចំណត ដែលនៅភ្នំពេញ មានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់ទេ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ លើផ្ទៃដីទំហំ២៦០០ ហិកតា និងជាការវិនិយោគ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅ កាត់ថាOCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ ចំណាយដើមទុនសរុបជាង១,៥ពាន់លានដុល្លារអាមេរិក៕