ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សកម្មភាព វិនិយោគនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឺងថា នឹងងើបឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច និងបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ។
ក្នុងនោះដែរការវិនិយោគ នៅតាមច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាងក៏ត្រូវបានរំពឹងថា នឹងមានសកម្មភាពកាន់តែខ្លាំង នៅដើមឆ្នាំ២០២២ ហើយក្រុងបាវិត ដែលជាច្រកព្រំដែនកម្ពុជា វៀតណាមក៏រំពឹងថា មានសន្ទុះងើបឡើងវិញឆាប់ៗនេះដែរផងដែរ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ធ្នូ២០២១នេះឱ្យដឹងថា បញ្ហាសំខាន់ៗពីរបានកើតឡើង ក្នុងរយៈប្រមាណ២ឆ្នាំកន្លងមកនេះ គឺការបិទហ្គេមអនឡាញ ដែលធ្វើឱ្យជនជាតិចិនជាច្រើន ចាកចេញពីកម្ពុជា និងពីក្រុងបាវិត និងបញ្ហាមួយទៀតគឺកូវីដ១៩ បានធ្វើឱ្យវិស័យអចលនទ្រព្យ នៅតាមបណ្ដាខេត្ត ក៏ដូចជា ព្រំដែនកម្ពុជា និងតំបន់ដែលធ្លាប់តែមានចលនាខ្លាំង នៃការទិញលក់ ក៏ដូចជា តម្លៃដីធ្លីនៅតាមតំបន់សំខាន់ៗមួយចំនួន រួមទាំងក្រុងបាវិតបានរងផលប៉ះពាល់ផងដែរ។
លោកបន្តថា ក្រុងបាវិតត្រូវបានចាត់ទុកថាតំបន់ ដែលមានសក្ដានុពលមួយ ក្នុងចំណោមតំបន់ ដែលមានសក្ដានុពលជាច្រើនទៀតក្នុងប្រទេសកម្ពុជា ហើយមកដល់ពេនេះសន្ទុះ នៃការទិញលក់អចលនទ្រព្យនៅក្នុងក្រុងបាវិត មិនទាន់ងើបឡើងនៅឡើយទេ ចាប់តាំងពីការចាកចេញរបស់ចិន ដោយសារតែបិទហ្គេមអនឡាញនិងបញ្ហាកូវីដ១៩”។
ប៉ុន្តែលោកជឿជាក់ និងសង្ឃឹមថា សន្ទុះនៃការទិញលក់អចលនទ្រព្យនៅក្រុងបាវិត ច្រកព្រំដែនកម្ពុជា វៀតណាមនឹងកើនឡើងវិញនៅដើមឆ្នាំក្រោយឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួច ដោយរំពឹងថាវិនិយោគិនចិននឹងត្រលប់មកកម្ពុជាវិញ ស្វែងរកការវិនិយោគនៅច្រកព្រំដែនកម្ពុជាវៀតណាមមួយនេះ ។
លោកបន្តថា “បាវិតគឺជាក្រុងមួយដែលមានសក្ដានុពលខ្លាំង ដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុនវិនិយោគ និងធ្វើឱ្យក្រុងមួយនេះ ក្លាយជាទីក្រុងធំមួយនៅក្នុងប្រទេសកម្ពុជា”។
លោកឧកញ៉ានួន រឹទ្ធីក៏បានបញ្ជាក់ថា បាវិតនឹងក្លាយជាតំបន់ដែលមានសក្ដានុពលកាន់តែខ្លាំង នៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនរបស់រាជរដ្ឋាភិបាល ចាប់ផ្ដើមដំណើរការ ខណៈបច្បុប្បន្ននេះ គម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាលពីកំពុងសិក្សាផងដែរ។
លោកបន្តថ “នៅពេលផ្លូវល្បឿនលឿន ចេញជារូបរាងនិងឧទាហរណ៍ថាវាបានសង់រួចរាល់ ភ្នំពេញ និងបាវិតកាន់តែខិតជិតគ្នា ដោយសារតែការបំព្រួញចំងាយផ្លូវ ហើយពន្លឿនល្បឿនបើកបរ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានពង្រួមពីចំងាយជាង២៥០គីឡូ មកត្រឹមក្រោម២០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយការបើកបរក៏មិនស្ទះ អាចបើកបរបានថេរ ដោយប្រើពេលកាន់តែខ្លាំង ដូច្នេះអ្នកវិនិយោគនិងទេសចរក៏អាចវិលត្រលប់មកភ្នំពេញបានក្នុងថ្ងៃតែមួយផងដែរ”។
ជាការកត់សម្គាល់ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ធូរស្រាលឃើញថា សកម្មភាពវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាស្រាប់ក៏បញ្ចេញសកម្មភាពជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា ហើយនឹងត្រៀមទទួលស្វាគមន៍វិនិយោគិនបរទេសថ្មីៗ ដែលនឹងមកដល់នៅពេលឆាប់ៗនេះដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីម្សិលម៉ិញនេះ បានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាប្រមាណ៣៣០លានដុល្លារអាមេរិក ក្នុងនោះជំនួយជាង១៨០លានដុល្លារ នឹងជួយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ការតភ្ជាប់លើទីក្រុងសំខាន់ៗចំនួនបីផងដែរ ក្នុងនោះក្រុងបាវិតជាទីក្រុងមួយ ដែលទទួលបានជំនួយអភិវឌ្ឍន៍នេះ៕