ក្រុមហ៊ុនផលិតរបស់ក្មេងលេងLego បោះទុនជាង១.០០០លានដុល្លារ សាងសង់រោងចក្រនៅវៀតណាម

0

ដោយៈសុខុម

កូប៉ិនហាក: ក្រុមហ៊ុនផលិតរបស់ក្មេងលេងLego  បានប្រកាសកាលពីថ្ងៃពុធ ទី៨ ធ្នូ ថា ខ្លួនមានគម្រោងសាងសង់រោងចក្រថ្មីមួយ នៅវៀតណាម ដើម្បីបំពេញឱ្យទាន់តម្រូវការឥដ្ឋជ័រចម្រុះពណ៌ សម្រាប់សង់ផ្ទះលេងរបស់ខ្លួន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងចំណោមកុមារនៅទូទាំងអាស៊ី។  នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃព្រហស្ប​តិ៍ ទី៩ ធ្នូ នេះ។

ក្រុមហ៊ុនមកពីប្រទេសដាណឺម៉ាកមួយនេះនិយាយថា ខ្លួននឹងវិនិយោ​គជាង១.០០០ពាន់លានដុល្លារ លើគម្រោងនេះ ដែលនឹងក្លាយជារោងចក្រទី២ របស់ខ្លួនប្រចាំតំបន់អាស៊ី បន្ទាប់ពីខ្លួនបើកដំណើរការរោងចក្រមួយនៅប្រទេសចិន ក្នុងឆ្នាំ២០១៦។ ក្រុមហ៊ុន Lego ទទួលបានកំណើនពីរខ្ទង់នៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១៩ មក។

លោកCarsten Rasmussen នាយកប្រតិបត្តិការនៃក្រុមហ៊ុន Lego បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា តម្រូវការពេលនេះ គឺកំពុងឆ្ពោះទៅរកការវ៉ាឈ្នះ ការផ្គត់ផ្គង់ពីរោងចក្ររបស់ខ្លួន នៅប្រទេសចិន ក្នុងរយៈពេលមធ្យម និងវែង។

នេះជាចំណាត់ការចុងក្រោយ ក្នុងយុទ្ធសាស្ត្ររាប់ទសវត្សរ៍របស់ក្រុមហ៊ុនLego នៅក្នុងការដាក់ផលិត កម្មឱ្យកៀកនឹងទីផ្សារសំខាន់ៗ ដែលបានជួយទប់ការចំណាយ និងការពារខ្លួនពីកត្តាខាងក្រៅ។

លោក Carsten Rasmussen បានបន្ថែមទៀតថា ការសម្រេចចិត្តសាងសង់រោងចក្រនៅប្រទេសវៀតណាម គឺមិនមែនដោយសារការរអា​ក់រអួល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក នាពេលថ្មីៗនេះឡើយ។

លោកបានបញ្ជាក់ថា រោងចក្រដែលគ្រោងចាប់ផ្តើមផលិតកម្ម នៅឆ្នាំ២០២៤ ហើយនឹងផ្តល់ការងារដល់មនុស្ស៤.០០០នាក់នេះ នឹងជួយបន្ថែមទិន្នផលផលិតបានច្រើន បន្ថែមពីលើការផលិតឥដ្ឋជ័រប្រមាណ១០០ពាន់លានដុំ ក្នុងមួយឆ្នាំរបស់ក្រុមហ៊ុននេះ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

លោកថ្លែងថា ក្រុមហ៊ុនLego ក៏កំពុងពង្រីកសមត្ថភាព នៅក្នុងប្រទេ​សម៉ិកស៊ិក ហុងគ្រី និងចិន ព្រមទាំងបន្ថែមគ្រឿងចក្រនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសដាណឺម៉ាក និងសាធារណរដ្ឋឆែកផងដែរ៕  CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here