អង់គ្លេសចាយលុយជិត៣ពាន់លានដុល្លារ ផលិតរថភ្លើងល្បឿនលឿនបំផុត សំឡេងស្ងាត់បំផុត និងសន្សំសំចៃបំផុត

0

ដោយ៖ សុខុម

ក្រុងឡុងដ៍: ក្រុមហ៊ុនអង់គ្លេស High Speed 2 ហៅកាត់ HS2 បានចុះកិច្ចព្រមព្រៀងតម្លៃ២៦៤០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនជប៉ុន Hitachi និងក្រុមហ៊ុនបារាំង Alstom ដើម្បីផលិតរថភ្លើងល្បឿនលឿនបំផុតនៅអង់គ្លេស។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះឱ្យដឹងថា កិច្ចព្រមព្រៀងផលិតរថភ្លើងរហូតដល់ទៅ៥៤ខ្សែសម្រាប់បណ្តាញរថភ្លើងល្បឿនលឿនដ៏ចម្រូងចម្រាសនេះនឹងជួយគាំទ្រ ឬបង្កើតការងារបានចំនួន២ ៥០០កន្លែងនៅប្រទេសអង់គ្លេស។

រថភ្លើងទាំងនេះដែលមានល្បឿនរហូតដល់ទៅ២២៥ម៉ាយល៍ ឬ ៣៦២គីឡូម៉ែត្រក្នុងមួយម៉ោងនឹងចាប់ផ្តើមដំណើរការផលិតនៅរោងចក្ររបស់ក្រុមហ៊ុន Hitachi នៅ Newton Aycliffe សង្កាត់ County Durham (អង់គ្លេស) ហើយនឹងបញ្ជូនទៅផលិតដំណាក់កាលសម្រេចនៅរោងចក្ររបស់ក្រុមហ៊ុន Alstom នៅក្រុង Derby និងក្រុង Crewe (អង់គ្លេស)។

លោក Grant Shapps រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស បានលើកឡើងថា កិច្ចព្រមព្រៀងនេះបង្ហាញពីបដិវត្តន៍ផ្លូវដែកដ៏អស្ចារ្យរបស់អង់គ្លេស។

ក្រុមហ៊ុន HS2 បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងនេះនឹងត្រូវសាងសង់ដោយផ្អែកលើបច្ចេកវិទ្យារថភ្លើងក្បាលគ្រាប់កាំភ្លើងរបស់ជប៉ុន ព្រមទាំងជំនាញដ៏ប៉ិនប្រសប់របស់អឺរ៉ុប នៅក្នុងសាងសង់បណ្តាញរថភ្លើងល្បឿនលឿន ដើម្បីផលិតរថភ្លើងល្បឿនលឿនបំផុត សំឡេងស្ងាត់បំផុត និងសន្សំសំចៃថាមពលបំផុតក្នុងពិភពលោក។

ដំណាក់កាលទី១ រួមទាំងការផ្គុំតួរថភ្លើង និងការបំពាក់ដំណាក់ដំបូងផងនឹងត្រូវធ្វើឡើងនៅរោងចក្រផលិតផ្លូវដែករបស់ក្រុមហ៊ុនជប៉ុន Hitachi ចំណែកឯកការបំពាក់ដំណាក់កាលទី២ និងការធ្វើតេស្តសាកល្បងនឹងធ្វើអនុវត្តដោយក្រុមហ៊ុនបារាំង Alstom។

តាមការំពឹងទុកថា រថភ្លើងដំបូងនឹងចាប់ផ្តើមដំណើរការផលិតអំឡុងឆ្នាំ២០២៧ ហើយបន្ទាប់ពីការធ្វើតេស្តសាកល្បង អាចនឹងដាក់ឱ្យដំណើរការដឹកអ្នកដំណើរនៅ២ឬ៦ឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here