ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់យកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើឱ្យរាជរដ្ឋាភិបាលអាចបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញបាន។ ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះដែរក៏ជាក្តីរំពឹងនៃការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀត ជាមួយនឹងកំណើនវិនិយោគិនក្នុងស្រុកនិងការហូរចូលឡើងវិញ នៃវិនិយោគិនបរទេស ។
លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុនCentury 21 Zillion Holding បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភាគ ច្រើនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ និងកំពុងសកម្មក្នុងការចាក់វ៉ាក់សាំងជំរុញបន្ថែមដូសទី៣ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញជាពិសេសក្នុងការបើកទទួលទេសចរនិងវិនិយោគិនបរទេសចូលមកកម្ពុជា ។
លោកថា “នៅពេលដែលយើងបានចាក់វ៉ាក់សាំងកាន់តែច្រើន នឹងជួយឱ្យកម្ពុជាមានលទ្ធភាពក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ នឹងធ្វើឱ្យកម្ពុជាមានឱកាសទទួលបានការវិនិយោគបន្ថែមទៅលើវិស័យអចលនទ្រព្យ។“
លោកបន្តថា នៅពេលដែលយើងទទួលបានឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យ យើងក៏ត្រូវចេះចាប់យកឱកាសនោះឱ្យបាននិងអភិវឌ្ឍន៍វិស័យនោះឱ្យកាន់តែរីកចម្រើន ។ យើងត្រូវសម្លឹងមើលគោលដៅនៃការអភិវឌ្ឍរបស់ខ្លួន។ អ្នកវិនិយោគខ្លះគឺមានគោលដៅ រកប្រាក់ចំណេញភ្លាមៗដែលមានន័យថាទិញហើយនឹងលក់វិញនៅពេលបានប្រាក់ចំណេញទោះតិចឬក៏ច្រើនក្ដី តែអ្នកវិនិយោគខ្លះទៀតទិញដើម្បីអភិវឌ្ឍន៍និងគិតគូរដល់ការអភិវឌ្ឍរយៈពេលយូរ ដូចជាការសាងសង់ជាលំនៅដ្ឋាន សាងសង់ជាអគារខ្ពស់ជាដើម។
លោកខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial Realty ក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលក៏ជាកត្តាមួយដែលជំរុញឱ្យមានការវិនិយោគលើដីធ្លីបន្ថែមទៀតផងដែរ ក្រោយពេលវិបត្តិកូវីដ១៩បញ្ចប់។
លោកបន្តថា សក្ដានុពលសំខាន់មួយក្នុងការទាក់ទាញការអភិវឌ្ឍដីធ្លីនៅជុំវិញរាជធានីភ្នំពេញ គឺការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី៣របស់រាជរដ្ឋាភិបាល ហើយតំបន់នៅជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣នឹងកាន់តែមានភាពទាក់ទាញដល់ការវិនិយោគរបស់វិនិយោគិនក្នុងនិងក្រៅប្រទេសបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩បានបញ្ចប់៕