រាជរដ្ឋាភិបាលបានស្នើសុំខ្ចីប្រាក់ចំនួន១៦០០លាន(SDR) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

0

ដោយ៖ សុធារី

ភ្នំពេញ៖ នៅឆ្នាំ ២០២២ខាងមុខ រាជរដ្ឋាភិបាលបានស្នើសុំទៅសភាជាតិនៅក្នុងការខ្ចីប្រាក់ចំនួន ១៦០០លាន(SDR) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

លោកបានមានប្រសាសន៍ថា កម្ពុជាបានជំពាក់បំណុលបរទេសរហូតមកដល់ពេលនេះ មានចំនួនជាង ៩ប៊ីលានដុល្លារ ដែលបំណុលនេះ ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

លោក ផាន់ ផល្លា បានថ្លែងដូច្នេះថា “ជាការធៀបបំណុលកម្ពុជាទៅជាមួយប្រទេសផ្សេងៗទៀត យើងនៅមានកម្រិតទាបណាស់ យើងអត់ទាន់ដល់កម្រិតមួយដែលគេថា វ័ណ្ឌកដូចបណ្តាប្រទេសមួយចំនួនទេ យើងពុំមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពសង ព្រោះបំណុលយើងនៅទាប។”

លោក ផល្លា បានសង្កត់ធ្ងន់ថា ការសងបំណុលគឺប្រើប្រាស់ថវិការដ្ឋ ពោលគឺមិនប្រមូលពីវិស័យណាមួយ ឬវិស័យឯកជននោះទេ។ លោកអះអាងទៀតថា កម្ពុជា នៅអាចបន្តខ្ចីទុនពីបរទេសមកប្រើប្រាស់ ដើម្បីអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

លោកបន្ថែមថាកម្ពុជា ក៏ប្រឹងប្រែងពង្រឹងការប្រមូលចំណូលក្នុងស្រុកបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រទេស ពោលគឺមិនពឹងផ្អែកលើប្រាក់កម្ចីទាំងស្រុងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here