រដ្ឋបាលខេត្តព្រះសីហនុព្រមានពលរដ្ឋកំពុងកាន់កាប់ដីរដ្ឋចាកចេញជាបន្ទាន់

0

ដោយ៖ វឌ្ឍនៈ

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវឱ្យពលរដ្ឋដែលកំពុងកាន់កាប់ ស្នាក់នៅនិងដាំដំណាំផ្សេងៗ នៅក្នុងគម្របព្រៃឈើ ដីព្រៃលិចទឹកដីព្រៃកោងកាងដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិដីឧទ្យានសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សូមចាកចេញ រួចប្រគល់ជូនអាជ្ញាធរកាន់កាបដីរដ្ឋនិងម្ចាស់កម្មសិទិ្ធស្របច្បាប់ឡើងវិញ។

រដ្ឋបាលខេត្តក៏បានព្រមានពីការដាក់ទោសទណ្ឌ ចំពោះជនទាំងឡាយណាដែលមិនស្ដាប់តាមសេចក្ដីជូនដំណឹង និងបន្តស្នាក់នៅសង់សំណង់បន្តទៀតផងដែរ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា បុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់នឹងត្រូវផ្ដន្ទាទោសតាមមាត្រាច្បាប់ដូចជាៈ
១.មាត្រា៩៧ និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ ជនណាដែលបានប្រព្រឹត្តិបទល្មើសដូចជា ក្លែងបន្លំលិខិតសាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរលុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមា នៃតំបន់ព្រៃឈើ កាន់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តិបទល្មើសមិនរាងចាសលត្រូវផ្ដន្ទាទោសទ្វេរដង។

២. មាត្រា៩៨នៃច្បាប់ស្ដីពីជលបទ ក៏នឹងត្រូវផ្ដន្ទាទោសដល់ជនប្រព្រឹត្តិពី៣ឆ្នាំទៅ៥ឆ្នាំផងដែរ។

៣. មាត្រា៥៦និងមាត្រា៦២នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថាជនដែលប្រព្រឹត្តិបទល្មើស នឹងត្រូវដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល។

៤.មាត្រា២៥៣នៃច្បាប់ភូមិបាលក៏បានចែងថាជនណាប្រើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត ក៏ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១លាន៥សែនរៀលទៅ២៥លានរៀល ឬនិងដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចត្រូវពិនិត្យនិងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here