លើកទឹកចិត្ត! យុវជនកម្ពុជាទទួលបានមេដាយឆ្នើមលើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ាន

0

ដោយវុត្ថា

ភ្នំពេញ៖ យុវជនកម្ពុជាមួយរូបឈ្មោះឡាំ រិទ្ឋីបានទទួលជ័យជំនះដោយទទួលបានមេដាយឆ្នើមក្នុងចំណោមបេក្ខជន២០នាក់ផ្សេងទៀត ដែលមកពីបណ្តាប្រទេសនានាក្នុង​សហគមន៍សេដ្ឋកិច្ចអាស៊ាន។

យុវជនរូបនេះបានចូលរួមជាមួយ យុវជនកម្ពុជាចំនួន៤រូបជំនាញសេវាកម្មភោជនី​យដ្ឋាន២រូប និងជំនាញចុងភៅ២រូប ចូលរួមប្រកួតជំនាញអាស៊ានលើកទី ១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

-->

លោកឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំនោមបេក្ខជន ២០រូបមកពី ១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។ ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិ​បត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ​ទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០។

សមិទ្ធផលខាងលើនេះ ជាកិច្ចខិត្តខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចុះសំដៅសម្រេចនូវចក្ខុវិស័យចំនួន៣ ដូចជា ឆ្នាំ២០២០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច៥០%ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

ឆ្នាំ២០២៥: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងា​រ​ផ្ទាល់ឲ្យបានប្រមាណ១,២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាប​ន​បត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

-ឆ្នាំ២០៣០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវ​  ឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់៕