ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ តាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា នៅចុងត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខ វិនិយោគិនមកពីប្រទេសនិយាយភាសាបារាំងនឹងចូលមកកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា ស្របពេលកម្ពុជាបាននិងកំពុងបើកទូលាយឡើងវិញសម្រាប់ការវិនិយោគនិងទេសចរណ៍។
ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ លោកJacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មីប្រចាំកម្ពុជា បានឱ្យដឹងថា នាពេលខាងមុខ អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ដោយអមមកជាមួយនូវវិនិយោគិនជាច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងរកដៃគូក្នុងការបណ្ដាក់ទុនវិនិយោគ ។
លោកបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកក៏មានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។
លោកបន្ថែមថា តាមរយៈបេកសកកម្មការទូតនៅកម្ពុជាលោកត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះ ប្រទេសប្រើភាសាបារាំង និងអ្នកវិនិយោគ ដែលនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេស កម្ពុជា នាពេលខាងមុខនេះ ។ សម្ដេចជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់អគ្គរដ្ឋទូតបារាំង នឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។
សម្តេចមានជឿជាក់ថា ព្រឹទ្ធសភានៃប្រទេសទាំងពីរនឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាព ជំងឺកូវីដ-១៩ បានធូរស្រាល។ ហើយកម្ពុជាក៏បានត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំង ប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ ។
ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចសង្គមឡើងវិញ បណ្ដាវិនិយោគិនក្នុងនិងក្រៅប្រទេសក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពស្វែងរកការវិនិយោគនានាក្នុងប្រទេសឡើងវិញ និងជាការបញ្ជាក់ពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕