ទីផ្សារខុនដូកម្ពុជារំពឹងថានឹងមានតម្រូវការខ្ពស់នៅឆ្នាំ២០២២

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីរងវិបត្តិជំងឺកូវីដ១៩អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងមានតម្រូវការខ្ពស់ឡើងវិញនៅក្នុងឆ្នាំ២០២២ ខណៈរាជរដ្ឋាភិបាលបានប្រកាសពីការបើកឱ្យវិនិយោគិនបរទេសចូលមកវិញ ដោយបន្ធូរបន្ថយវិធានការរឹតបន្តឹង ហើយក៏រំពឹងថាវិនិយោគិនបរទេសនឹងចូលមកកម្ពុជា។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យERA បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ខាងមុខនេះ លោកយល់ឃើញថាវិស័យខុនដូនឹងមានសន្ទុះងើបឡើងខ្លាំងជាងឆ្នាំ២០២០និងឆ្នាំ២០២១ទៅទៀត ដោយសារតែវិនិយោគិនបានបង្អង់ល្បឿនវិនិយោគរបស់ខ្លួនអស់រយៈពេលយូរមកហើយ ដូច្នេះពេលដែលរដ្ឋាភិបាលបើកប្រទេសវិញបើកឱ្យមានបរទេសចូលមកវិញហើយវិនិយោគិនក៏នឹងបន្ថែមល្បឿនវិនិយោគរបស់ខ្លួនឡើងវិញដែរ។ ទន្ទឹមនឹងនោះដែរវិស័យខុនដូគឺជាវិស័យអាទិភាពមួយសម្រាប់ប្រទេសកម្ពុជាដោយសារតែការអភិវឌ្ឍខុនដូក្នុងប្រទេសកម្ពុជានៅមានភាពទូលាយសម្រាប់វិនិយោគិន។

លោកបន្តថា សម្រាប់ឆ្នាំ២០២២ ទាំងវិនិយោគិនគម្រោងធំៗនិងតូចៗទាំងឡាយនឹងចូលរួមក្នុងការបណ្ដាក់ទុនវិនិយោគ កាន់តែខ្លាំងឡើងថែមទៀត ដូច្នេះយើងអាចនិយាយថា ឆ្នាំ២០២២គឺជាឆ្នាំសម្រាប់ស្ដារនិងជំរុញការអភិវឌ្ឍខុនដូ។ លោកថា “សម្រាប់អ្នកដែលចាប់អារម្មណ៍លើវិស័យខុនដូក្នុងឆ្នាំ២០២២ខាងមុខនេះ វិនិយោគិនក្នុងស្រុកនឹងចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ ខណៈ២០២០និង២០២១នេះ មានវិនិយោគិនក្នុងស្រុកជាច្រើនបានដាក់ទុនវិនិយោគខុនដូទាំងអភិវឌ្ឍន៍និងអ្នកទិញ”។

លោក នាក់ សមសែន អ្នកជំនាញអចលនវត្ថុមួយរូបប្រចាំកម្ពុជា ក៏បានឱ្យដឹងថា ខុនដូនិងអាផាតមិនក្នុងប្រទេសកម្ពុជាឃើញថាចាប់ផ្ដើមមានសន្ទុះបណ្ដើរៗឡើងវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស ក្នុងនោះយើងឃើញថាតម្លៃជួលខុនដូ និងអាផាតមិនបានងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីអំឡុងនៃការរីករាលដាលខ្លាំងនៃកូវីដ១៩។

លោកបន្តថា ការងើបឡើងវិញនៃតម្លៃខុនដូនិងអាផាត់មិនជួលនៅពេលនេះ បញ្ជាក់ពីសញ្ញាវិជ្ជមានក្នុងការអភិវឌ្ឍខុនដូនិងអាផាតមិនក្នុងប្រទេសកម្ពុជាផងដែរ។ លោកជឿជាក់ថានៅក្នុងរយៈពេលខាងមុខនេះ វិនិយោគិនបរទេសនឹងចូលមកវិញ ជាពិសេសវិនិយោគិនជនជាតិចិន ដែលជាវិនិយោគិនបរទេសលំដាប់ទី១នៅក្នុងប្រទេសកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា វិនិយោគិនចិននឹងចូលមកកម្ពុជាស្វែងរកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីចូលឆ្នាំចិនរួច ពីព្រោះថាក្រោយចូលឆ្នាំចិនវិនិយោគិននឹងចេញពីប្រទេសរបស់ខ្លួននិងស្វែងរកការវិនិយោគនៅបណ្ដាប្រទេសណាដែលមានសក្ដានុពលហើយកម្ពុជាជាប្រទេសមួយដែលវិនិយោគិនចិនកំពុងចាប់អារម្មណ៍។

លោកបន្តថា អ្វីដែលវិនិយោគិនក្នុងស្រុកត្រូវធ្វើនោះគឺត្រៀមខ្លួនក្នុងការសហការជាមួយវិនិយោគិនមកពីក្រៅប្រទេសក្នុងនោះដែរកម្ពុជាក៏ត្រូវពង្រឹងស្ដង់ដារនៃអ្នកជំនាញវិស័យអចលនទ្រព្យ ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិននឹងចូលមកកាន់កម្ពុជាឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here