ដោយៈ សុផារី
កំពតៈ ខេត្តកំពតមានភាពទាក់ទាញខ្លាំង លើវិស័យទេសចរណ៍ ដែលតម្រូវឱ្យមានការបង្កើតសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
មួយរយៈចុងក្រោយនេះ មានគម្រោងជាច្រើន បានចាប់ផ្តើមពុះជាដីឡូតិ៍លំហែកាយ ដែលមានលក្ខណៈខុសៗ ទៅតាមសក្តានុពលទីតាំង ខ្លះលំហែកាយក្បែរមាត់ព្រែក ខ្លះជាប់ជើងភ្នំ ជាដើម។ ជាក់ស្តែង គម្រោងកំពតរីវើផាក បាននឹងកំពុងអភិវឌ្ឍន៍ លើផ្ទៃដីទំហំជាង៤០ហិកតា មានទីតាំងស្ថិតនៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investments Group និងជាស្ថាបនិកគម្រោងកំពតរីវើផាក បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា កំពតរីវើផាក ទើបតែចាប់ផ្តើមបានមួយខែប៉ុណ្ណោះ ស្ថិតនៅក្នុងដំណាក់កាលនៃការរៀបចំនៅឡើយ ដោយមិនទាន់ចេញលទ្ធផលអ្វី ជាដុំកំភួននៅឡើយ តែគោលដៅចុងឆ្នាំ លោកនឹងរៀបចំឲ្យបានប្រសើរជាងមុន ដោយចំណាយពេលប្រមាណជា២ឆ្នាំ និងដំណើរការគម្រោងនេះតែម្តង។
លោកបន្តថា ហេតុផលដែលលោកជ្រើសរើសទីតាំងនេះ ដោយសារតែស្រុកទឹកឈូមានវិសាលភាពធំ ហើយលោកបណ្ឌិតគ្រោង នឹងអភិវឌ្ឍន៍ដីនៅជុំវិញតំបន់នេះ ឱ្យបានប្រមាណ១០០ហិកតា ដោយលោកធ្វើការអភិវឌ្ឍលើដី៤០ហិកតាសិន។ តាមពិតទៅគម្រោងនេះ ស្ថិតនៅក្បែរក្រុងកំពត ចម្ងាយតែ៣ ទៅ៤គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់បងប្អូនដែល អញ្ជើញពីភ្នំពេញមកគម្រោងនេះ កាន់តែងាយស្រួលមែនទែន ហើយបើចេញពីក្រុងកំពត មកចម្ងាយតែ៣គីឡូម៉ែត្រប៉ុណ្ណោះ នឹងដល់គម្រោងកំពតរីវើផាក អាចនិយាយបានថាដីនៅតំបន់នេះ មានសក្តានុពលខ្លាំង និងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៃក្រុងកំពត។
លោកបណ្ឌិតបន្តថា លក្ខណៈពិសេសរបស់គម្រោងនេះ គឺផ្តោតវិសាលភាពនៃទីតាំង ជិតក្រុងកំពត នៅប៉ែកខាងកើត និងខាងជើង ដូច្នេះហើយទីតាំងនេះអំណោយ ផលល្អសម្រាប់បងប្អូន ពីព្រោះថាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងវិស័យទេសចរណ៍ជាគោល។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា បើវិភាកលើក្រាហ្វិកទេសចរណ៍ឃើញថា វិស័យទេសចរណ៍ផ្តោតលើ ក្រុងកំពតមានប្រមាណ៧៥% ក្នុងនោះមានឆ្នេរ ភ្នំ ព្រែក កំពតរីវើផាក នៅជាប់ទឹកសមុទ្រស្រាប់ ដែលយើងអាចជិះទូកលេងកំសាន្តបាន ជិះអូប័របាន ស្ថិតនៅក្នុងតំបន់មានផាសុកភាព ខ្យល់អាកាស បរិយាកាស សោភណ្ឌភាព និងសុវត្ថិភាពខ្ពស់ អតិថិជនមិនមានការព្រួយបារម្ភអ្វីទាំងអស់។
កំពតរីវើផាក គ្រោងនឹងបង្កើតព្រែកសប្បនិមិត្តបន្ថែមទៀតជាមួយការ
សាងសង់ស្ពានថ្មី សួនកំសាន្ត និងរៀបចំដីឡូតិ៍លំហែនីមួយៗ ឱ្យជាប់មាត់ព្រែកកំពតទាំងអស់។
ជាមួយនឹងសុទិដ្ឋិនិយម លើចក្ខុវិស័យរយៈពេលវែង លោកបណ្ឌិតបានអះអាងថា គម្រោងនេះនឹងលក់បានជោគជ័យ ដោយសម្អាងកត្តាមួយចំនួន ដូចជា គម្រោងនៅក្បែរទីរួមខេត្តកំពតស្រាប់ តែ៣គីឡូប៉ុណ្ណោះ នៅជាប់ក្រុង មានបរិយាកាសល្អ វិសាលភាពដីក៏មានធំ ងាយស្រួលអភិវឌ្ឍន៍ ចឹងមិនត្រឹមតែ មានដីឡូតិ៍លំហែទេ យើងនៅមានរីស៊តលំហែ។
គម្រោងនេះ និងទាក់ទាញអ្នកទេសចរណ៍ច្រើន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សេវាកម្មផ្សារទឹក ឬផ្សារណាត់សម្រាប់ពេលចុងសប្តាហ៍ ដែលភ្ញៀវអាចមកញាំអាហារនៅមាត់ព្រែក អាចជិះទូកលេងតាមមាត់ព្រែក ក៏ដូចជាជួលទូកជិះកំសាន្តតាមមាត់ព្រែក ជាការជួយជម្រុញទេសចរណ៍របស់ខេត្តកំពត កាន់តែរីកចម្រើនជាងមុន។
លោកបណ្ឌិតមានក្តីសង្ឃឹមថា “អតិថិជន ប្រាកដជាមានភាពជឿជាក់និងគាំទ្រនូវការបង្កើតសេវាកម្ម ទេសចរណ៍នៅក្នុងគម្រោងមួយនេះ ព្រោះខេត្តកំពត មានផ្នែកសំខាន់ៗទាក់ទាញ ដូចជា ភ្នំ ព្រែក ឆ្នេរជាដដើម”។
លោកមានប្រសាសន៍ថា យើងឃើញខេត្តមួយចំនួន នៅឆ្ងាយពីក្រុងមែនទែន ដូច្នេះពេលដែលគាត់ទៅលេង ពួកគាត់ត្រូវចំណាយពេលវេលាយូរ តែសម្រាប់ខេត្តកំពតនៅជិតមែនទែន ងាយស្រួលធ្វើដំណើរទៅមក ចំណែកផ្លូវជាតិលេខ៣ ក៏បានសាងសង់រួចរាល់ហើយដែរ ដូច្នេះពិតជាងាយស្រួលមែនទែន។
លោកបណ្ឌិតតេង រិទ្ឋីបានបញ្ជាក់ថា ដោយសារព្រែកមានភាពខុសៗគ្នា ដូច្នេះការអភិវឌ្ឍក៏តាមសក្តានុពលទីតាំង។ សម្រាប់គម្រោងរបស់លោក លោកនឹងបង្កើតព្រែកសប្បនិមិត្មបន្ថែម ដោយមិនលុបបឹង ឬលុបព្រែកទេ ប៉ុន្តែបង្កើតព្រែកបន្ថែម។ ដូច្នេះអតិថិជនរឹតតែងាយស្រួល ខាងមុខក៏មានព្រែក ខាងក្រោយក៏មានព្រែក និងងាយស្រួលចេញចូលរថយន្ត ពិសេសអាចលំហែកាយជាមួយទេសភាពស្អាត ខ្យល់ធម្មជាតិ បង្កើតអារម្មណ៍Relax ជាមួយធម្មជាតិនៃទឹក ហើយអាចចតអូប័រ ឬក៏ម៉ូតូទឹក នៅខាងក្រោយផ្ទះរបស់គាត់បានផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានសម្តែងការគាំទ្រគំរោងកំពតរីវើផាក នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី នៅក្នុងខេត្ត ស្របពេលខេត្តនេះមានសក្តានុពល ទេសចរណ៍ខ្លាំង ធៀបជាមួយបណ្តាខេត្តជាប់តំបន់ឆ្នេរដទៃទៀត ជាក់ស្តែងអំឡុងវិបត្តិកូវីដ១៩ ខេត្តនេះបាត់បង់ភ្ញៀវទេសចរណ៍ ប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈខេត្តដទៃទៀតបាត់បង់ច្រើនជាងនេះ។
លោកបន្តថា “ខេត្តកំពតមានផលិតផលទេសចរណ៍ច្រើន ពិសេសទេសចរណ៍ធម្មជាតិ ប៉ុន្តែខេត្តក៏ត្រូវការរមណីយដ្ឋានទេសចរណ៍ កែច្នៃបន្ថែមទៀតផងដែរ”៕