ដោយៈសុខុម
សៀងហៃ: ក្រុមហ៊ុនយក្សAlibaba របស់ប្រទេសចិន បានកំណត់គោលដៅលក់ទំនិញសរុប (GMV) ឱ្យបានរហូតដល់១០០ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុន Lazada ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) របស់ខ្លួនក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៧ ធ្នូ នេះ។
គោលដៅប្រកបដោយមហិច្ឆតា ដែលត្រូវបានចែករំលែកជាមួយបណ្ដាវិនិយោគិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ និងក្រោយមកត្រូវបានចែករំលែក តាមរយៈបទបង្ហាញ តាមអនឡាញជាសាធារណៈនេះ នឹងបង្កើនការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សម្រាប់ក្រុមហ៊ុនយក្សមួយនេះ ដែលបានហក់ចូលទីផ្សារ ក្នុងតំបន់នេះ តាមរយៈការទិញយកអាជីវកម្មក្នុងឆ្នាំ២០១៦។
យោងតាមបទបង្ហាញដដែលបង្ហាញថា បុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកLazada រកចំណូលបាន២១ពាន់លានដុល្លារអាមេរិក ពីការលក់ទំនិញសរុប (GMV) គិតពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១។ ក្រុមហ៊ុននេះក៏សង្ឃឹមដែរថា នឹងបម្រើអតិថិជនបាន៣០០លាននាក់ ដែលជាការកើនឡើងទ្វេដង បើធៀបនឹងចំនួនអតិថិជនបច្ចុប្បន្នរបស់ខ្លួន។
បើធ្វើការប្រៀបធៀប Sea Ltd’s Shopee ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារតំបន់រកចំណូលបាន៣៥,៤ពាន់លានដុល្លារអាមេរិក ពីការលក់ទំនិញសរុប (GMV) សម្រាប់ពេញមួយឆ្នាំសារពើពន្ធ២០២០។
បទបង្ហាញដដែលបង្ហាញថា បុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក Lazada ដាក់ចំណាត់ថ្នាក់ខ្លួនថាជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន MercadoLibre Inc និង ក្រុមហ៊ុន Sea Ltd’s Shopee។
ក្រុមហ៊ុន Lazada បានធ្វើការរុះរើរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំកំពូលប៉ុន្មានលើករួចមកហើយ ចាប់តាំងពីខ្លួនត្រូវបានAlibabaទិញយក ដោយនាយកប្រតិបត្តិ ឬCEO ដល់ទៅ២រូបបានចុះចេញពីតំណែង មុនពេលលោក Chun Li ដែលជា CEO បច្ចុប្បន្ន ចូលកាន់តំណែងជំនួសក្នុងឆ្នាំ២០២០៕ Reuters៕