ដោយៈកុសមា
សៀមរាប: អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង ដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែល បានហោះចេញពីប្រទេសសិង្ហបុរី មកកាន់ខេត្តសៀមរាប។
ការមកដល់អាកាសយានដ្ឋាន របស់អាកាសចរណ៍នេះ គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ជាមួយអ្នកដំណើរចំនួន៦៧នាក់ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប មិនមានជើងហោះហើរចុះចតអស់ រយៈពេលជាង២០ខែមកហើយ ដោយសារតែជំងឺកូវីដ១៩។
លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ពីបានទទួលស្វាគមន៍អ្នកដំណើរ មកពីបរទេសជាលើកដំបូងនេះថា ខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំហើយ យើងមិនបានទទួលភ្ញៀវទេសចរបរទេស ឬការចុះចតនៅក្នុង ព្រលានយន្តហោះអន្តរជាតិរបស់យើងនោះទេ។ នេះជាលើកដំបូង ដែលបានឃើញភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅខេត្តសៀមរាប។
លោកសង្ឃឹមថា “នឹងមានភ្ញៀវទេសចរបរទេស ជាបន្តទៀតមកកម្សាន្តនៅ ខេត្តសៀមរាប ព្រោះបើតាមការរាយការណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ថា មានភ្ញៀវទេសចរបានទៅកក់សំបុត្រមកទស្សនានៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ទៀតហើយ”។លោកបន្តថា “ឥឡូវនេះ សេដ្ឋកិច្ចនៅខេត្តសៀមរាប ចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ ព្រោះភ្ញៀវទេសចរក្រុងស្រុក ក៏បានមកកម្សាន្តនៅខេត្តសៀមរាបកើនឡើង ជាបន្តបន្ទាប់ រីឯភ្ញៀវទេសចរបរទេស ក៏បានចាប់ផ្តើមចូលមកទស្សនាខេត្តសៀមរាបយើងដែរ”។
ជាមួយគ្នានេះ នៅតាមបណ្តាក្រុង-ស្រុក នៃខេត្តសៀមរាប ក៏បានត្រៀមរៀបចំកម្មវិធី ឆ្លងឆ្នាំសកល ហើយសណ្ឋាគារជាច្រើនក៏បានបើកឡើងវិញ ដោយឥឡូវនេះ មានការកក់ បន្ទប់ស្នាក់នៅជាច្រើនផងដែរ។
លោកទៀ សីហាបានបន្តថា នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកា សចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបយើងនេះដែរ។
ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែរទាំ និងព្យាបាលតាមការជ្រើសរើស មន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ បើលទ្ធផលវិជ្ជមានតែពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕