តើការវិនិយោគដីធ្លីទាមទារឱ្យមានលំហូរមូលធនកាន់តែច្រើនឬយ៉ាងណា?

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សកម្មភាពនៃការវិនិយោគដីធ្លីកាលពី៥ឆ្នាំនិងបច្ចុប្បន្នភាពខុសគ្នាដាច់ដោយឡែក ដោយកាលបើចង់វិនិយោគលើដីធ្លីនិងអចលនទ្រព្យ គឺមិនទាមទារឱ្យដើមទុនធំឬដើមទុនច្រើននោះទេ តែបច្ចុប្បន្នការវិនិយោគលើដីធ្លីគឺត្រូវការទាមទារឱ្យដើមទុនច្រើននិងដើមទុនធំបើចង់ចំនេញ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានឱ្យដឹងថា ការវិនិយោគដីធ្លីនៅក្នុងរយៈមួយឆ្នាំពីរឆ្នាំចុងក្រោយនេះបើប្រៀបធៀបនឹង៥ឆ្នាំមុនគឺ ការវិនិយោគពេលនេះត្រូវការដើមទុនច្រើនជាងមុន ពីព្រោះ៥ឆ្នាំមុនការអភិវឌ្ឍដីធ្លីនៅមានកម្រិតនៅឡើយទេ តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងឃើញថានៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅជុំវិញរាជធានីភ្នំពេញ មានការអភិវឌ្ឍជាខ្លាំង ដូច្នេះតម្លៃដីធ្លីក៏បានកើនឡើងជាមួយជាពីរដល់ទៅជាបី ដែលជំរុញឱ្យអ្នកវិនិយោគដីធ្លីត្រូវមានដើមទុនកាន់តែច្រើន។

លោបន្តថា បើយើងក្រលេកទៅមើលនៅជុំវិញរាជធានីភ្នំពេញ យ៉ាងហោចណាស់២០គីឡូម៉ែត្រជុំវិញ អ្នកចង់វិនិយោគលើដីធ្លីត្រូវការដើមទុនយ៉ាងតិចក៏៣០ម៉ឺនដុល្លារអាមេរិក។ មានន័យថាបើចង់វិនិយោគដីដែលមានសក្ដានុពល និងដីដែលអាចចំនេញក្នុងរយៈពេលខ្លី គឺត្រូវការដើមទុនចាប់ពី៣០ម៉ឺនដុល្លារអាមេរិកឡើងទៅទើបអាចធ្វើទៅបាន។ លោកថា”បើសិនជាយើងត្រូវការវិនិយោគដែលមានទំហំធំ យើងក៏ត្រូវការដើមទុនធំជាងនេះដែរ ដូច្នេះតម្លៃ៣០ម៉ឺនដុល្លារអាមេរិកនេះ គ្រាន់តែជាដីដែលមានទំហំតូចប៉ុណ្ណោះ មិនអាចនិយាយថាជាដីទំហំធំៗនោះឡើយ”។

លោកបន្ថែមថា សម្រាប់អ្នកដែលចង់វិនិយោគដីធ្លី តែមិនមានដើមទុនគ្រប់គ្រាន់គឺមានវិធីម្យ៉ាងដោយរួមហ៊ុនគ្នាហើយទិញដីចូលគ្នាដូចជា ជាមួយបងប្អូនមិត្តភក្ដិជិតស្និទ្ធ ហើយបើសិនជាពួកគាត់កាន់តែមានលទ្ធភាព អាចមានលទ្ធភាពទិញដីទំហំធំៗនិងមានទីតាំងសក្ដានុពលបានផងដែរ។

លោក វ៉ា វីរៈ គ្រូបង្វឹកអចលនទ្រព្យមួយរូបប្រចាំប្រទេសកម្ពុជា ក៏បានឱ្យដឹងផងដែរថា ការស្វែងរកទុនមកវិនិយោគដីធ្លីវាពិតជាពិបាក ប៉ុន្តែបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនលក់ភាគហ៊ុន ដើម្បីឱ្យពលរដ្ឋឬវិនិយោគិនដែលមានដើមទុនតិចឬដើមទុនមិនគ្រប់គ្រាន់ក្នុងការទិញដីធ្លីនៅតំបន់ដែលខ្លួនពេញចិត្តអាចទិញ ភាគហ៊ុននោះ និងក្លាយជាម្ចាស់ភាគហ៊ុននៃទ្រព្យដែលចង់បានហើយ។

ជាការកត់សម្គាល់តម្លៃដីធ្លី នៅក្នុងប្រទេសកម្ពុជាបានហក់ឡើងចាប់តាំងពីក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ ២០០៨ ឬ២០០៩ ហើយនៅក្នុងវិបត្តិកូវីដ១៩នេះក៏តម្លៃដីធ្លីមិនមានការធ្លាក់ចុះតម្លៃខ្លាំងណាស់ដែរ ពោលតម្លៃនៅតែខ្ពស់ តែក៏មានម្ចាស់ដីខ្លះដែលត្រូវការហិរញ្ញវត្ថុបន្ទាន់ដើម្បីដោះស្រាយបញ្ហាលក់ក្នុងតម្លៃក្រោមទីផ្សារបន្តិចប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here