វិនិយោគិនបរទេស៖ ការចាក់វ៉ាក់សាំងនិងបើកប្រទេសរបស់របស់រដ្ឋាភិបាលនឹងជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ អ្វីៗហាក់ដូចជាបានប្រែប្រួលទៅជាវិជ្ជមានឡើងវិញ បន្ទាប់ពីបានឆ្លងស្រមោលខ្មៅនៃវិបត្តិកូវីដ១៩អស់រយៈពេលជិត២ឆ្នាំ។ វិនិយោគិនបរទេសដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាបានកោតសរសើររដ្ឋាភិបាលនិងបានបញ្ចេញជាទស្សនថា ការចាក់វ៉ាក់សាំងនិងការបើកប្រទេសឡើងវិញ នឹងជំរុញកំណើនវិស័យអចលនទ្រព្យកាន់តែមានសន្ទុះជាងមុនវិបត្តិ។

លោក Charles Villar អ្នកគ្រប់គ្រងក្រុមហ៊ុន KW Khmer Real Estate បានឱ្យដឹងថា ការចាក់វ៉ាក់សាំង របស់រដ្ឋាភិបាលទៅលើប្រជាជនក្នុងប្រទេសកម្ពុជា ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការបើកប្រទេសបើកសេដ្ឋកិច្ច និងបើកឱ្យអ្នកដំណើរបរទេសចូលមកកកម្ពុជា ។ នៅពេលអ្នកដំណើរបរទេសចូលមកកម្ពុជា នឹងនាំមកជាមួយនូវអ្នកវិនិយោគបរទេសជាច្រើនទៀតចូលមកកម្ពុជា ។

លោកបន្តថា នៅពេលនោះតម្រូវការអចលនទ្រព្យនឹងមានកំណើន ហើយគឺជាពេលវេលាដែលវិស័យអចលនវត្ថុកម្ពុជាមានសន្ទុះឡើងវិញ ហើយអាចខ្លាំងជាងមុនពេលវិបត្តិកូវី១៩ទៅទៀត ។ លោកបានមានប្រសាសន៍ថា ”យើងជឿជាក់ថានៅពេលបញ្ចប់កូវីដ១៩ឬអាចនិយាយថា នៅឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យនឹងទទួលបានការវិនិយោគកាន់តែខ្លាំងឡើងវិញ ហើយអាចនឹងខ្លាំងជាមុនកូវីដ១៩ ដោយសារតែវិនិយោគិនមួយចំនួនបានផ្អាកសកម្មភាពរបស់ខ្លួនអស់រយៈពេលយូរដែរហើយ ដូច្នេះពួកគេនឹងចាប់ផ្ដើមធ្វើសកម្មភាពរបស់គេឡើងវិញនៅពេលឆាប់ៗនេះដែរ”។

ជនជាតិចិន ដែលជាម្ចាស់គម្រោងអគារខុនដូខ្ពស់មួយ ក៏បានឱ្យដឹងថា ដោយសារតែរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញនេះហើយ ដែលធ្វើឱ្យខ្លួនអាចមានសកម្មភាព ក្នុងការផ្សព្វផ្សាយនិងជំរុញការលក់គម្រោងក៏ដូចជាជំរុញ ការសាងសង់គម្រោងរបស់ខ្លួនឱ្យរួចរាល់នៅពេលឆាប់ៗនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន ក៏បានថ្លែងផងដែរថា ការស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋកម្ពុជានេះហើយ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកប្រទេស បើកសេដ្ឋកិច្ច និងធ្វើឱ្យអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ ជាមួយនឹងកំណើនការងារ និងប្រាក់ចំណូលរបស់ពលរដ្ឋក៏មានឡើងវិញដែរ។

សម្ដេចមានប្រសាសន៍ផងដែរថា ការបើកប្រទេសឡើងវិញនេះនឹងមិនអាចថយក្រោយទេ គឺទៅមុខហើយ ហើយកម្ពុជាក៏បាននិងកំពុងចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួនកាន់តែច្រើននិងចាក់ដូសទី៤ ដើម្បីប្រឆាំងនឹងការឆ្លងរាលដាលនៃកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here