ដោយ៖ សុធារី
ភ្នំពេញ៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនចំនួន៤៥,០៩ភាគរយនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីផ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី គឺជាក្រុមហ៊ុនដែលបានជួយរៀបចំ និងជាឈ្មួញជើងសារនៃប្រតិបត្តិការទិញ-លក់ភាគហ៊ុន របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។
ភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេសឈាមមុខគេនៅកម្ពុជា ដែលបានផ្តល់ការងារ ដល់ប្រជាជនកម្ពុជា និងបុគ្គលិកបរទេសប្រមាណជាង ៣២ ០០០នាក់ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១) និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជាការលើកលែង ពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗ ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្ម អន្តរជាតិផងដែរ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ភីភីអេសភី បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជីវកម្មចម្បង គឺការអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និងជួល។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានផ្តល់សេវាកម្មផ្សេងៗ ទៅដល់ក្រុមហ៊ុនដែលនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស PPSP ផងដែរ ដែលរួមមានដូចជា ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត ការថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មផ្តល់ប្រឹក្សាយោបល់ ជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសេវាកម្មដទៃទៀត។ ភីភីអេសភី បានក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) នៅក្នុងឆ្នាំ២០១៦។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានថ្លែងថា “ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប”។
ភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុនមកពី១២ប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ៣២០០០នាក់។
តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់សេវាកម្ម ដល់ក្រុមហ៊ុនដែលមកពីប្រទេស ជប៉ុន ប្រទេសចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ក្នុងវិស័យផ្សេងៗគ្នា ដូចជា គ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។
លោកបន្តថា “នៅក្នុងការវិនិយោគនេះទៀតសោត យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងរបស់ ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្រ្តអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ”។
ប្រតិបត្តិការទិញ-លក់ភាគហ៊ុននេះ បានទទួលការអនុញ្ញាតយល់ព្រមពីនិយ័តករមូលបត្រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ យោងទៅតាមលិខិតលេខ 2050/21 ន.ម.ក៕