ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ចាប់តាំងពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្ដើមដំណើរការពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ទទួលបានទឹកប្រាក់វិនិយោគប្រមាណ១,៣៦៦លានដុល្លារអាមេរិក និងមានការបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ទៀត ធ្វើឱ្យទំហំពាណិជ្ជកម្មនៃតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់មួយនេះ មានកំណើនជាហូរហែ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។
ថ្លែងប្រាប់អភិបាលរងខេត្តព្រះសីហនុកាលពីពេលថ្មិៗនេះ លោក ទូ ហ្សាវកាង នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា ចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១,៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញនិងនាំចូលសរុប ២ពាន់លានដុល្លាអាមេរិក។
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា លោក សន សៀប បានលើកឡើងថា ខេត្តព្រះសីហនុជាខេត្តមួយដែលមានការទាក់ទាញក្នុងការបណ្ដាក់ទុនវិនិយោគពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ហើយនៅពេលអនាគតខាងមុខនេះ ខេត្តនេះនឹងទទួលបានវិនិយោគិនចិនកាន់តែច្រើនទៀត ខណៈរដ្ឋាភិបាលក៏បានកំណត់យកតំបន់មួយនេះជាគំរូអភិវឌ្ឍន៍តាមតំបន់សេដ្ឋកិច្ចមួយរបស់ចិនផងដែរ។
លោកបន្តថា ខេត្តព្រះសីហនុនឹងក្លាយជាបណ្ដុំសហគមន៍វិនិយោគិនចិនមួយដ៏មានសក្ដានុពលនៅមានអនាគត ហើយបច្ចុប្បន្ននេះ ក៏មានវិនិយោគិនជាច្រើនរួចហើយកំពុងបង្ហាញវត្តមាននៅក្នុងខេត្តព្រះសីហនុ៕