ដោយ៖ សុខុម
ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ទី២១ ធ្នូ នេះបានចាប់ផ្ដើមសាងសង់សួនឧស្សាហកម្មខ្នាតយក្សថ្មីមួយនៅលើកោះ Borneo ជាមួយនឹងគោលបំណងប្រើប្រាស់ថាមពលវារីអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតកម្មនានារួមមានរោងចក្រផលិតបន្ទះឈីប អាគុយ បន្ទះសូឡា និងអាលុយមីញ៉ូមផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ថា គម្រោងសួនឧស្សាហកម្មក្នុងខេត្តភាគខាងជើង Kalimantan លើកោះ Borneo នេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបរហូតដល់ទៅប្រមាណ៣ម៉ឺនហិកតា ហើយទុនវិនិយោគរួមបញ្ចូលទាំងការវិនិយោគពីប្រទេសចិន និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ផងដែរ។
ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះលើកឡើងបន្ថែមទៀតថា “ការផ្លាស់ប្ដូរមុខមាត់ថ្មីនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី គឺចាប់ផ្តើមពីទីនេះដែលយើងនឹងគ្រប់គ្រងធនធានធម្មជាតិរបស់យើងពីខ្សែទឹកខាងលើរហូតដល់ខ្សែទឹកខាងក្រោមដើម្បីបង្កើតការងារឱ្យបានច្រើនសន្ធឹកសន្ធាប់”។
លោក Joko Widodo មានបំណងបង្កើតសួនឧស្សាហកម្មផលិតកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី ដូចជារ៉ែនីគែល (nickel) រ៉ែបុកស៊ីត (bauxite) និងរ៉ែស្ពាន់ជាដើម ដើម្បីកាត់បន្ថយការនាំចេញតែវត្ថុធាតុដើមសុទ្ធ។
រដ្ឋាភិបាលប្រទេសនេះនិយាយថា សួនឧស្សាហកម្មនេះគឺជាគម្រោងបៃតងដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ព្រោះវានឹងប្រើប្រាស់ថាមពលពីគម្រោងទំនប់វារីអគ្គិសនី។
ទេសរដ្ឋមន្ត្រី Luhut Pandjaitan បានគូសបញ្ជាក់ក្នុងពិធីដដែលនេះថា គ្រាន់តែគម្រោងទំនប់វារីអគ្គិសនីខាងលើនេះមួយនឹងត្រូវការទុនវិនិយោគរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក ឯណោះ ហើយគម្រោងកំពង់ផែមួយនឹងត្រូវការទុនវិនិយោគជិត១ពាន់លានដុល្លារអាមេរិក។
កាលពីដើមឆ្នាំនេះ ទេសរដ្ឋមន្ត្រី Luhut Pandjaitan បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអូស្ត្រាលី Fortescue Metals Group និងក្រុមហ៊ុនចិន Tsingshan Holding Group អាចនឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ៕