ដោយ៖ សុផារី
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសាងសង់ស្ពានមួយកន្លែងឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សនាពេលសព្វថ្ងៃ ដែលគម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចរាល់ហើយ។
នេះបើតាមការបង្ហើបរបស់លោកទៅកាន់សិស្សនិស្សិតចំនួន១៩១រូប ឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃទី២១ ខែធ្នូនេះ។
លោកក៏បានប្តេជ្ញានាំនិស្សិតទៅកាន់ស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែង លើការងារសាធារណការដូចជា ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មី។
លោកមានប្រសាសន៍ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិយើង។
លោកបានបន្តថា ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង៕