ដោយៈគង់ សូរិយា
ភ្នំពេញៈ វិមានរដ្ឋសភាជាតិថ្មីតម្លៃ២៥ លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ។
ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើង ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។
អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង២៧ម និងបណ្តោយ៤៩ម៉ែត្រ កំពស់១២ជាន់ និងចំណតរថយន្តក្រោមដី២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។
អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ ដែលមានរចនាបថខ្មែរបូរាណទិសដៅ ដើម្បីបង្ហាញនូវតុល្យភាព នៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ៕