ក្នុងបរិបទកូវីដ១៩ ទីផ្សារបុរីលំនៅដ្ឋានរក្សាបាននូវភាពធន់ជាងគេ

0

ដោយៈសុផារី

ភ្នំពេញៈ វិស័យអចលនទ្រព្យហាក់រក្សា បាននូវភាពធន់ខ្ពស់ បើទោះ​បីជំងឺរាតត្បាតសកល បង្កឡើងដោយជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំមកនេះក្តី។

អ្នកជំនួញ និងរបាយការណ៍ស្រាវជ្រាវក្នុងវិស័យនេះ បានបញ្ជាក់ថាទីផ្សារដីធ្លី និងបុរីលំនៅដ្ឋាន នៅតែបន្តមានសកម្មភាពទិញ លក់រស់រវើក ដោយទីផ្សារបុរីលំនៅដ្ឋានរក្សាបាននូវភាពរឹងមាំជាងគេ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានលើកឡើងថា តម្លៃទីផ្សារលំនៅដ្ឋាននិងដីធ្លីហាក់មានទំនុកចិត្តល្អពីវិនិយោគិន។ បើធៀបនឹងកាល ដែលសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ក្នុងអំឡុងឆ្នាំ២០០៨ វិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់ដល់ទីផ្សារដីធ្លីតិចតួចជាង។

លោកបញ្ជាក់ថា “ទីផ្សារលំនៅឋាន រក្សាបានកំណើនល្អជាងគេក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះលំនៅដ្ឋានជាតម្រូវការចំាបាច់ របស់មនុ​ស្ស”។

របាយការណ៍ស្រាវជ្រាវត្រីមាសទី៣ ពីក្រុមហ៊ុនCBRE Cambodia ដែលផ្តោតលើទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបុរីលំនៅដ្ឋានថ្មីមានចំនួន៥៨គម្រោង ក្នុងនោះ២៤គម្រោងបញ្ចប់ការសាងសង់រួចរាល់ ស្មើចំនួនផ្ទះ៩ម៉ឺន២ពាន់ខ្នង ត្រូវបានដាក់លក់ក្នុងទីផ្សារ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២១។ ការផ្គត់ផ្គង់បុរីលំនៅដ្ឋានទាំងនេះមាន៥៧ភាគរយ ផ្តោតលើតម្លៃមធ្យម និង៣៣ភាគរយផ្តោតលើតម្លៃសមរម្យ។ តាមការរំពឹងទុកចំនួនលំនៅដ្ឋានបុរី អាចកើនដល់ជិត១០ម៉ឹនខ្នងពេញមួយឆ្នាំ២០២១នេះ។

ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានកំណត់ប្រភេទទីផ្សារលំនៅដ្ឋានជាបីប្រភេទ ដូចជា ទី១ គឺទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ ដែលបច្ចុប្បន្នមានតម្លៃចន្លោះពី៤ ម៉ឺនទៅ១០ម៉ឺនដុល្លារក្នុងមួយខ្នង ទី២ ទីផ្សារតម្លៃបង្គួរចន្លោះពី១០ម៉ឺន ទៅ៤០ម៉ឺនដុល្លារ និងទី៣ លំនៅដ្ឋានលំដាប់ខ្ពស់មានតម្លៃចាប់ពី៤០ម៉ឺនដុល្លារឡើងទៅ។

អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ធ្លា​ប់បានលើកឡើងថា ទីផ្សារលំនៅដ្ឋាន នៅតែមានតម្រូវការច្រើន ដោយសារអ្នកមានលទ្ឋភាពបានបន្តទិញទុក សម្រាប់កូនចៅរបស់ពួកគេ ដែលត្រូវរៀបការហើយបែកចេញពីគ្រួសារ ស្របពេលបច្ចុប្បន្ននេះ អ្នកវិនិយោគធំៗជាច្រើនបាន និងកំពុងចាប់ផ្តើមសាងសង់គំរោងធំៗ របស់ពួកគេឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here