មន្ត្រីអាកាសចរណ៍៖ កំណើនអ្នកដំណើរចូលមកកម្ពុជាតាមជើងអាកាសចាប់ផ្ដើមកើនឡើង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយដល់អ្នកដំណើរបរទេសចូលមកកម្ពុជា ដុំណើរការហោះហើររបស់បរទេសចូលមកកម្ពុជាតាមផ្លូវអាកាសចាប់ផ្ដើមកើនឡើងវិញជាបន្តបន្ទាប់។ នេះបើតាមលោកស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ។

លោកមានប្រសាសន៍ថា ក្រោយពេលរដ្ឋាភិបាលបានប្រកាសបើកបន្ធូរបន្ថយវិធានការចំពោះអ្នកដំណើរបរទេសចូលមកកម្ពុជា កំណើនភ្ញៀវទេសចរចូលមកកម្ពុជាបានកើនឡើង ពី៣០០នាក់ក្នុងមួយថ្ងៃ ទៅដល់៨០០នាក់ក្នុងមួយថ្ងៃ និងចំនួនជើងហោះហើរក៏បានកើនឡើង៦ជើងក្នុងមួយសប្ដាហ៍។ នេះសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយសម្រាប់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបវិញក៏បានកើនឡើងដល់៦០នាក់ជាមធ្យមក្នុងមួយថ្ងៃ ខណៈពីមុនខេត្តនេះមិនមានទេសចរឆ្លងកាត់សោះឡើយ។

លោកបន្តថា កំណើនភ្ញៀវចូលមកនេះគឺរាប់ចាប់តាំងពីរដ្ឋាភិបាលប្រកាសបន្ធូរបន្ថយ មិនមែនរាប់តែទេសចរចាក់វ៉ាក់សាំងនោះទេ ហើយអាចនឹងកើនឡើងបន្ថែមទៀត បើសិនជាស្ថានភាពកូវីដ១៩នៅបណ្ដាប្រទេសនានាបានធូរស្រាលឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានលើកឡើងផងដែរថា ការបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល នឹងជំរុញឱ្យវិស័យទេសចរណ៍មានសកម្មភាពកម្រើកឡើងវិញ ក្រោយពីបានដេកលង់លក់អស់រយៈពេលជិត២ឆ្នាំកន្លងមក។

លោកស្រីបន្តថា ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសភ្លាម សកម្មភាពទេសចរណ៍ក្នុងស្រុក ជាពិសេសអាជីវកម្មទេសចរណ៍តូចតាចបានកម្រើកឡើងភ្លាមៗ ហើយអាជីវកម្មធំៗក៏បាននិងកំពុងត្រៀមខ្លួនក្នុងការស្វាគមន៍និងចាំបម្រើដល់ភ្ញៀវទេសចរបរទេសនឹងចូលមកនៅពេលបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយកន្លងមកនេះ ក៏បានឱ្យដឹងថារយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ កម្ពុជាទទួលបានអ្នកដំណើរបរទេសចូលតាមផ្លូវអាកាសចំនួនជិត៧ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន៦ម៉ឺន១ពាន់នាក់ អាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុមានចំនួន៨ពាន់នាក់ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបមានចំនួនតែ៤នាក់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here