ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ លើដីផ្ទៃបឹងតាមោក១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌។
ការផ្តល់ផ្ទៃបឹងតាមោក១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបតែត្រូវផ្សព្វផ្សាយថ្មីៗនេះ ដែលនេះជាលើកទី២ ហើយ ដែលរដ្ឋាភិបាលសម្រេចផ្តល់ដី នៅតំបន់បឹងតាមោក ឱ្យទៅក្រសួងយុត្តិធម៌។
កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក៨ហិកតា ជូនទៅក្រសួងយុត្តិធម៌ម្តងរួចម្ដងមកហើយ។
បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលកំណត់ផ្ទៃបឹងមានជាង៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ចាប់ពីពេលនោះមក រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីបឹងតាមោកជាច្រើនលើកឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។
បើគិតរហូតមកទល់ពេលនេះ ផ្ទៃបឹងតាមោកយ៉ាងហោច១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលកាត់ឱ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន៕