ដោយ៖ សុធារី
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថា កន្លងមកមានអ្នកចង់លក់ពន្ធគយចំនួន ៥០ភាគរយ ទៅឲ្យឯកជនដែលជាជនបរទេស តែពេលនោះសម្ដេចបានប្រឆាំងដាច់ខាតមិនឱ្យលក់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ចឹងបើពេលនោះ ខ្ញុំមិនដាច់ខាត ដើម្បីការពារនូវអធិបតតេយ្យជាតិ តើមកដល់ពេលនេះប្រាក់ចំណូលគយ ដែលឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន លើកឡើងអំបាញ់មិញ តើបាត់បង់ទៅណា? ប្រាក់ចំណូលគយរបស់យើងត្រូវចែក៥០ភាគរយឱ្យបរទេស ដែលមកទិញគយ ហើយបានខ្ញុំជំទាស់នៅពេលនោះ រហូតដល់ខ្ញុំមានចំណារមួយថា នរណាហ៊ានចូលប្រជុំ ជាមួយនឹងអ្នកដែលប៉ុនប៉ងធ្វើ អាហ្នឹងរឿងលក់គយហ្នឹងតទៅទៀត ខ្ញុំនឹងដកចេញពីតំណែងទាំងអស់”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រឆាំងដាច់ខាត របស់សម្ដេចខាងលើនេះ បានធ្វើឲ្យបរទេសខ្លះ មិនចូលចិត្តសម្ដេច ដោយសម្ដេចបានបញ្ជាក់ថា “ចឹងបានជាបរទេសខ្លះមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំក្បាលរឹងរឿងចឹង ក្បាលរឹងលើឯករាជ្យ អធិបតេយ្យរបស់ជាតិ ឥឡូវអស់លក់គិតមើលគយ គឺជាសេវាអធិបតេយ្យ គយគឺគ្រប់គ្រងលើសេវាអធិបតេយ្យ មិនមែនសេវាធម្មតាទេ គយ ពន្ធដារ ផ្នែកមួយចំនួនទៀត គេហៅថា សេវាអធិបតេយ្យ”។
បើតាមការលើកឡើងរបស់សម្តេចតេជោ ចំណូលរយៈពេលមុនកូវីដ គយប្រមូលបានទំហំទឹកប្រាក់ប្រមាណ៣១៨៦លានដុល្លារអាមេរិក លើសទ្វេដងនៃចំនួនដែលបានទទួលកាលពីឆ្នាំ២០១៤ ស្នើនិង១៤២,៣ភាគរយនៃផែនការ តែពេលកូវីដមកដល់ប្រាក់ចំណូលបានតែ៨៣ភាគរយប៉ុណ្ណោះ៕