ដោយ៖ សុធារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យសិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើក្រុមមន្ត្រីជំនាញជួរមុខ ជាពិសេសក្រុមគ្រូពេទ្យតែម្ដង ក្នុងនោះក្រុមកងអង្គរក្សរបស់សម្ដេចបានចាក់វ៉ាក់សាំងដូសទី៤រួចហើយ។
នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការនៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ទៅលើក្រុមមន្ត្រីជួរមុខ។
បើតាមសម្ដេចតេជោ ហ៊ុន សែន គម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្ត្រីជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ គឺត្រូវប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងថា ក្រុមកងអង្គរក្សរបស់សម្ដេចបានចាក់វ៉ាក់សាំងដូសទី៤រួចហើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កងអង្គរក្សរបស់ខ្ញុំ លេងដូសទី៤អស់ហើយ ចឹងបានហ្នឹងតែម្ដង ខ្ញុំសូមជម្រាបថា ក្នុងពេលដែលឆ្លងខ្លាំងអង្គរក្សរបស់ខ្ញុំឆ្លង៤០០នាក់ ប៉ុន្តែដល់ដូសទី១ ដូសទី២ ដូសទី៣ ឥឡូវដល់ដូសទី៤ បាត់បណ្ដោយៗ ចឹងបានជាវ៉ាក់សាំងជួយយើងសំខាន់ណាស់ៗ”៕