ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការនាំចេញទំនិញនានារបស់កម្ពុជា នៅតែមានតួលេខល្អប្រសើរ ជាក់ស្ដែងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ការនាំចេញក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១មានទឹកប្រាក់ចំនួន១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ មានការថយចុះត្រឹមតែ០,១២ភាគរយប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីបូកសរុប លទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២៣ធ្នូ ២០២១នេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណីជ្ជកម្មបានបន្តធ្វើពិពិធកម្មទីផ្សារនិងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងតំបន់។
ការធ្វើពិពិធកម្មទាំងនោរួមមាន ទី១ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិនដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខនេះ ទី៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញ នៃរដ្ឋសភាកាលពីថ្ងៃទី២២ធ្នូ២០២១ ហើយរដ្ឋសភាគ្រោងដាក់ ក្នុងកិច្ចប្រជុំពេញអង្គនៅចុងខែនេះ ។
លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជននិងការតភ្ជាប់ធុរកិច្ច នៃប្រទេសជាសមាជិកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត”។
លោកប៉ាន សូរស័ក្តិបានបន្ថែមថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែរក្សាកំណើន ក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ក្នុងនោះ តម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ១៧.២១៥លានដុល្លារអាមេរិក កើនឡើង១៦,៧ភាគរយធៀបនឹងឆ្នាំ២០១៩ ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ រយៈពេល១១ខែការនាំចេញមានតម្លៃប្រមាណ១៥,៧២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ០,១២ភាគរយ។ ថ្វីត្បិតតែការនាំចេញមានការថយចុះបែបនេះ ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២១នេះ នឹងមានប្រមាណ២,៤ភាគរយ ។
លោកចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១នេះ ការនាំចេញទំនិញកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានតួលេខឡើងខ្ពស់ធៀបនឹងមុនវិបត្តិកូវីដ១៩ ដែលធ្វើឱ្យកសិករកម្ពុជា ពង្រីកការដាំដុះរបស់ខ្លួនបន្ថែមសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផង និងសម្រាប់ប្រើប្រាស់ក្នុងស្រុកផង៕