ដោយ: ម៉ាលីស
ភ្នំពេញៈ បច្ចុប្បន្នដំណើរការចរចា បើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាល វាយតម្លៃហានិភ័យ ដោយមានការចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណើរការវាយតម្លៃនេះ គ្រោងនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី វឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន គឺចាំបាច់ ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការ ត្រូវអនុវត្តបច្ចេកទេសដាំដុះ តាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ តាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តន៍ ដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ ។
ដំណើរការវាយតម្លៃ វិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំង យកចម្ការមួយចំនួនជាតំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបានសាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាលវិភាគហានិភ័យ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស ។
ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផល ល្អនិងជោគជ័យតាមផែនការគ្រោងទុក ។
ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម៕