ដងព្រែកតូចៗនៅក្នុងខេត្តកំពតបានក្លាយជាដុំមាសសម្រាប់អ្នកអភិវឌ្ឍន៍ ដីនិងផ្ទះលំហែកាយ

0

ដោយៈ ម៉ាលីស

ភ្នំពេញៈ ដងព្រែកខ្វាត់ខ្វែង ទឹកខៀវស្រងាត់ និងពេលខ្លះប្រៃ និងសាបនារដូវវស្សាបាននិងកំពុងញាំងឲ្យខេត្តកំពត ពិសេសតំបន់ជុំវិញទីរួមខេត្តនេះក្លាយជាដែកឆក់មួយ សម្រាប់គំរោងវិនិយោគដីឡូត៍លំហែរកាយ និងផ្ទះលំហែរ។

អមដោយស្លឹកចាក ទេសភាពជួរភ្នំវែងអន្លាយ បានធ្វើឲ្យខេត្តជាប់តំបន់ឆ្នេរមួយនេះ ក្លាយជាទីតាំងដែលអ្នកវិនិយោគជាតិ អន្តរជាតិអាចស្វែងរកឱកាស និងចាប់យកឱកាស ដើម្បីទាញយកផលចំណេញបានលឿន។

លោកផឹង សុភី ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ឧទ្យានកោះព្រែក ក្រុងកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ឧទ្យានកោះព្រែក គឺជាគម្រោងអភិវឌ្ឍន៍ដី និងផ្ទះលំហែ ដែលមានផែនការច្បា​ស់លាស់និងជាក់លាក់។ វាត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍ កាលពីអំឡុងឆ្នាំ២០២០កន្លងទៅនេះ ដែលរហូតមកដល់ពេលនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បានប្រមាណ៣០% ទៅ៤០% រួចហើយ ដោយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២៣ខាងមុខនេះ ។

លោកបន្តថា “នៅពេលដែលបញ្ចប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ឧទ្យានកោះព្រែក នឹងក្លាយជាតំបន់លំហែរកាយ ដ៏ទាក់ទាញមួយសម្រាប់ទេសចរជាតិនិងអន្តរជាតិ ចំណុចពិសេសៗជាច្រើន នឹងធ្វើឱ្យឧទ្យានកោះព្រែកក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិន និងទេសចរមកកាន់ខេត្តកំពត”។

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗទាំងនោះ រួមមាន ផ្លូវតភ្ជាប់ពីផ្លូវធំមកកាន់ទីតាំងឧទ្យានកោះព្រែក ផ្លូវក្នុងគម្រោងធំៗរហូតដល់៣៦ម៉ែត្រ ជាពិសេសក្នុងគម្រោង ក៏មានព្រែកទំហំដល់ទៅ៧០ម៉ែត្រ ដែលធំជាងគេមួយក្នុងតំបន់ ហើយអាចធ្វើដំណើរទៅកាន់សមុទ្រ ចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ ក្នុងខេត្តកំពតមានការអភិវឌ្ឍ លើគម្រោងអភិវឌ្ឍន៍ជាតំបន់លំហែកាយច្រើន ប៉ុន្តែសម្រាប់គម្រោងឧទ្យានកោះព្រែក លោកមិនព្រួយបារម្ភពីការប្រកួតប្រជែងនោះទេ ដោយសារតែគម្រោងនេះស្ថិតនៅក្នុងទីតាំងដែលមានសក្ដានុពលស្រាប់ ដោយតំបន់នេះមានព្រែកលាតសន្ធឹងដ៏ធំមួយ រួមជសមួយនឹង ទេសភាពស្រស់ស្អាត ហើយប្រជាពលរដ្ឋ អាចធ្វើដំនើរតាមអូប័រ ឆ្លងពីកន្លែងមួយទៅកន្លែងមួយបាន។

ក្រៅពីនោះក្រុមហ៊ុនអភិវឌ្ឍន៍ ក៏មានយុទ្ធសាស្ត្រជាច្រើន ក្នុងការអភិ​វឌ្ឍឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត និងបានកំណត់ពេលវេលាច្បាស់​លាស់ក្នុងការអភិវឌ្ឍជាដើម ។

លោកផឹង សុភីបានបញ្ជាក់ថា “នៅពេលដែលយើងមានផែនការអភិវឌ្ឍច្បាស់លាស់ យើងក៏ទទួលបានការទុកចិត្ត ពីអតិថិជនកាន់តែខ្លាំង ក្នុងនោះត្រឹមតែរយៈពេលខ្លី យើងលក់បានជិតអស់ហើយ និងអាចបញ្ចប់ការលក់របស់យើង នៅអំឡុងចុងត្រីមាសទី១ ឬដើមត្រីមាសទី២ឆ្នាំ២០២២ខាងមុខ”។

លោកបន្ថែមថា អតិថិជនដែលបានទិញដីលំហែរ នៅក្នុងគម្រោងរបស់លោក ភាគច្រើនគឺមកពីរាជធានីភ្នំពេញ ហើយអតិថិជនដែលបានទិញ គម្រោងពីក្រុមហ៊ុនអភិវឌ្ឍន៍របស់លោក ក៏បានផ្ដល់មតិល្អៗត្រលប់មកវិញ ធ្វើឱ្យពួកលោក ជាអ្នកអភិវឌ្ឍន៍កាន់តែមានជំនឿជាក់ និងខិតខំធ្វើ ឱ្យគម្រោងឧទ្យានកោះព្រែក កាន់តែទាក់ទាញអតិថិជន ភ្ញៀវទេសចរ និងវិនិយោគកាន់តែច្រើនថែមទៀត ។

លោកក៏បានមានប្រសាសន៍ ទាក់ទងនឹងចក្ខុវិស័យ នៃការអភិវឌ្ឍផ្ទះលំហែ ចាប់ពីពេលនេះទៅ៥ឆ្នាំខាងមុខថា វានឹងកាន់តែមានការរីកចម្រើន ហើយជាមួយគ្នានេះតម្រូវការក៏កើនឡើង ព្រោះប្រជាជនយើងចូលចិត្តដើរលំហែ ហើយប្រជាជនភាគច្រើន ក៏មិនទាន់មានលទ្ធភាពចេញធ្វើដំណើរទៅក្រៅប្រទេស។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារខេត្តកំពតមានលក្ខខ័ណ្ឌអំណោយផលច្រើន លើធនធានធម្មជាតិ លើហេដ្ឋារចនាសម្ព័ន្ឋ និងសេវាបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តនេះ មិនរងផលប៉ះពាល់ខ្លាំងនោះទេ។

លោកបន្តថា “ការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ច រមណីយដ្ឋានលំហែរ និងដីឡូត៍បែបលំហែរបានកើនឡើង ដែលធ្វើឲ្យខេត្តនេះកាន់តែមានផលិតផលទេសចរណ៍ច្រើន សម្រាប់បំរើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here